(ម៉ិកស៉ិក)៖ ទីភ្នាក់ងារអន្តោប្រវេសន៍ម៉ិកស៉ិក កំពុងធ្វើការវាយឆ្មក់ដើម្បីឃាត់ខ្លួនជនអន្តោប្រវែសន៍ ដែលបានធ្វើដំណើរទៅដល់នៅទីក្រុង Ciudad Acuna ដែលស្ថិតនៅតំបន់ព្រំដែនអាមេរិក-ម៉ិកស៉ីកូ ខណៈក្រុមមន្រ្តីកំពុងត្រូវបានដាក់ល្បាតនៅច្រាំងទន្លេ Rio Grande។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន CGTN នៅថ្ងៃសៅរ៍ ទី២៥ ខែកញ្ញា ឆ្នាំ២០២១។
គិតត្រឹមល្ងាចថ្ងៃសុក្រសប្ដាហ៍នេះ គ្មានជនអន្តោប្រវេសន៍ណាម្នាក់ ដែលនៅសេសសល់នៅជំរុំរដ្ឋតិចសាស់ ដែលកាលពីដើមសប្តាហ៍នេះពួកគេភាគច្រើន ដែលជាជនជាតិហៃទីប្រមាណ ១៥,០០០នាក់ បានប្រមូលផ្តុំគ្នានៅក្រោមស្ពាន Del Rio International Bridge ដែលតភ្ជាប់តំបន់ព្រំដែន អាមេរិក-ម៉ិកស៉ិកនេះទេ។
រដ្ឋមន្រ្តីសន្តិសុខមាតុភូមិអាមេរិក លោក អាឡិចចាន់ដ្រូ ម៉ាយូកាស (Alejandro Mayorkas) បាននិយាយថា ជនអន្តោប្រវេសន៍ប្រហែល ១២,៤០០នាក់ ត្រូវបានអនុញ្ញាតឱ្យចូលមកកាន់សហរដ្ឋអាមេរិកជាបណ្តោះអាសន្ន ដើម្បីធ្វើការដាក់ពាក្យប្តឹងឧទ្ធរណ៍ទៅកាន់ចៅក្រមអន្តោប្រវេសន៍ ខណៈប្រហែល ៥,០០០នាក់ទៀតកំពុងត្រូវបានឃុំខ្លួនរង់ចាំការបណ្តេញចេញ ឬការអនុញ្ញាតឱ្យស្វែងរកការស្នាក់នៅស្របច្បាប់។
លោក Alejandro Mayorkas បន្ថែមថា ជនអន្តោប្រវែសន៍ប្រហែល ៨,០០០នាក់ផ្សេងទៀត «បានសម្រេចចិត្តវិលត្រឡប់ទៅកាន់ប្រទេសម៉ិកស៉ិក វិញដោយស្ម័គ្រចិត្ត»៕