(សេអ៊ូល)៖ អាជ្ញាធរសុខាភិបាលកូរ៉េខាងត្បូងនៅថ្ងៃសៅរ៍ ទី២៥ ខែកញ្ញា ឆ្នាំ២០២១នេះបានរាយការណ៍ពីការរកឃើញអ្នកឆ្លង COVID-19 លើស ៣,០០០នាក់ ជាលើកដំបូង ខណៈការឆ្លងរាលដាលពាក់ព័ន្ធនឹងថ្ងៃឈប់សម្រាក៣ថ្ងៃ នៅក្នុងសប្ដាហ៍នេះនៅតែបន្តកើនឡើង។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters។
បើតាមទីភ្នាក់ងារគ្រប់គ្រង និងបង្ការជំងឺឆ្លងកូរ៉េ KDCA ករណីឆ្លង COVID-19 ចំនួន ៣,២៧៣ករណីត្រូវបានរាយការណ៍ ហើយក្នុងនោះមាន ៣,២៤៥ករណី ជាករណីឆ្លងនៅក្នុងស្រុក និង ២៨ជាករណីនាំចូល។ បូកបញ្ចូលតួលេខថ្មីនេះធ្វើឱ្យអ្នកឆ្លង COVID-19 នៅក្នុងប្រទេសកូរ៉េខាងត្បូងកើនដល់ ២៩៨,៤០២នាក់ ក្នុងនោះស្លាប់ ២,៤៤១នាក់។
ដោយឡែក គិតត្រឹមថ្ងៃសៅរ៍នេះដែរ ប្រជាជនកូរ៉េខាងត្បូង ៧៣.៥ភាគរយនៃប្រជាជនសរុប ៥២លាននាក់ បានទទួលការចាក់វ៉ាក់សាំងបង្ការ COVID-19 យ៉ាងហោចដូសទី១ ខណៈ៤៥ភាគរយចាក់គ្រប់ដូស ឬ២ដូស៕