(ប៉េកាំង)៖ ថ្ងៃទី២៤ ខែកញ្ញា ក្នុងឱកាសកិច្ចប្រជុំលើកទី ៤៨ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ដែលបើកធ្វើនៅក្រុងហ្សឺណែវ តំណាងប៉ាគីស្ថានបានតំណាងឱ្យ ប្រទេសចំនួន៦៥ ឡើងថ្លែងសុន្ទរកថារួម ដោយគូសបញ្ជក់ថា កិច្ចការហុងកុង ស៊ីនជាំង និង Xizang ជាកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន មជ្ឈដ្ឋានខាងក្រៅមិនគួរលូកដៃចូលឡើយ។
ពេលផ្តល់បទសម្ភាសន៍ ឯកអគ្គរដ្ឋទូតវេណេស៊ុយអេឡា និងបេឡារុស ដែលចូលរួមការស៊ីញ៉េជាមួយគ្នាបានលើកឡើងថា ការគោរពអធិបតេយ្យភាព ភាពឯករាជ្យ និងបូរណភាពទឹកដីរបស់បណ្តាប្រទេសនានា ក៏ដូចជាមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសអធិបតេយ្យភាព ជាក្រមជាមូលដ្ឋាននៃទំនាក់ទំនងអន្តរជាតិ។
ឯកអគ្គរដ្ឋទូតវេណេស៊ុយអេឡាប្រចាំជាអចិន្ត្រៃយ៍ នៅអង្គការសហប្រជាជាតិលោក Rosales បានថ្លែងថា វេណេស៊ុយអេឡាថ្កោលទោសយ៉ាងខ្លាំង ចំពោះសហរដ្ឋអាមេរិក កាណាដា អង់គ្លេស និងសហភាពអឺរ៉ុប ដែលយកសិទ្ធិមនុស្សធ្វើជាលេស ដាក់វិធានការបង្ខិតបង្ខំដោយឯកតោភាគី និងខុសច្បាប់ចំពោះបុគ្គល និងអង្គភាពស៊ីនជាំង ហើយចាត់ទុកចំណាត់ការនេះជាអាវុធនយោបាយ សម្រាប់ជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិនទៅទៀត។
ឯកអគ្គរដ្ឋទូតបេឡារុសប្រចាំជាអចិន្ត្រៃយ៍ នៅអង្គការសហប្រជាជាតិបានថ្លែងថា សុន្ទរកថារួមនាថ្ងៃដដែលបានអំពាវនាវឱ្យគោរពកម្មវត្ថុ និងគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ គោរពសិទ្ធិរបស់ប្រជាជននៃប្រទេសនានា ក្នុងការជ្រើសរើសផ្លូវអភិវឌ្ឍន៍ខាងសិទ្ធិមនុស្ស ដោយអនុលោមតាមសភាពការណ៍ជាតិរៀងៗខ្លួន៕