(តេហេរ៉ង់)៖ ទីភ្នាក់ងារសារព័ត៌មានអ៉ីរ៉ង់ IRNA បានរាយការណ៍ថា ប្រធានាធិបតីអ៉ីរ៉ង់ លោក អ៉ីប្រាហ៉ីម រ៉ៃស៉ី (Ebrahim Raisi) នៅថ្ងៃសុក្រសប្ដាហ៍នេះ បានអំពាវនាវឱ្យមានការបង្កើនការនាំចេញទៅកាន់ប្រទេសជិតខាង។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានចិនស៉ីនហួរ នៅថ្ងៃសៅរ៍ ទី២៥ ខែកញ្ញា ឆ្នាំ២០២១។
លោក Ebrahim Raisi បានធ្វើការកត់សម្គាល់ដូចខាងលើនេះចេញពីខេត្ត Ilam ស្ថិតនៅភាគខាងលិចនៃប្រទេស។ លោក Raisi បានបញ្ជាក់ដូច្នេះថា៖
«ការនាំចេញរបស់យើងទៅកាន់បណ្តាប្រទេសក្នុងតំបន់មិនអាចមានត្រឹមតែ ២ភាគរយនោះទេ ហើយវាគួរតែកើនឡើងពី ២០ពាន់លានដុល្លារអាមេរិក ដល់ ៤០ ទៅ ៥០ពាន់លានដុល្លារអាមេរិក»។
ដោយបញ្ជាក់ពីខ្សែព្រំដែនដ៏វែងរបស់ខេត្ត Ilam ជាមួយប្រទេសអ៉ីរ៉ាក់ដែលនៅជិតខាង លោក Ebrahim Raisi បានបន្ថែមថាវាជាឱកាសល្អសម្រាប់ ប្រជាជនអ៉ីរ៉ង់ ជាពិសេសប្រជាជននៅក្នុងខេត្ត Ilam និងនៅក្នុងខេត្តជិតខាងនៃប្រទេសអ៉ីរ៉ាក់ក្នុងការប្រាស្រ័យទាក់ទងគ្នា។
លោក Ebrahim Raisi ក៏បានអំពាវនាវផងដែរឱ្យបង្កើតក្រុមការងារផ្នែកច្បាប់ និងសេដ្ឋកិច្ចរវាងប្រទេសអ៉ីរ៉ង់ និងអ៉ីរ៉ាក់ជាពិសេសរវាងខេត្ត Ilam និងខេត្តជិតខាងនៅប្រទេសអ៉ីរ៉ាក់។
គួរបញ្ជាក់ថា បើតាមលោកប្រធានាធិបតីអ៉ីរ៉ង់ ហេដ្ឋារចនាសម្ព័ន្ធនៃខេត្ត Ilam រួមទាំងច្រករបៀងផ្លូវដែក និងផ្លូវហាយវេដែលជាមធ្យោបាយធ្វើដំណើររវាង ប្រទេសអ៉ីរ៉ាក់ គួរតែត្រូវបានរៀបចំ ហើយវាចាំបាច់សម្រាប់ខេត្តនេះ ដើម្បីក្លាយជាអ្នកនាំចេញផលិតផលដ៏សំខាន់ៗរបស់ប្រទេសអ៉ីរ៉ង់៕