(អូតាវ៉ា)៖ នាយករដ្ឋមន្ត្រីកាណាដា លោក ចាស្ទីន ទ្រូដូ (Justin Trudeau) បានឱ្យដឹងថា ពលរដ្ឋកាណាដា ២នាក់ដែលត្រូវបានអាជ្ញាធរចិនឃុំខ្លួនអស់រយៈពេល ច្រើនជាង ១,០០០ថ្ងៃនោះ ត្រូវបានដោះលែងឱ្យមានសេរីភាព ហើយពួកគេបានចាកចេញពីប្រទេសចិន ដោយនឹងត្រឡប់មកដល់កាណាដាវិញ នៅព្រឹកថ្ងៃសៅរ៍នេះ (ម៉ោងនៅអូតតាវ៉ា)។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃសៅរ៍ ទី២៥ ខែកញ្ញា ឆ្នាំ២០២១។
ពលរដ្ឋកាណាដាទាំង ២នាក់ខាងលើ គឺលោក ម៉ៃខែល កូវរីច (Michael Kovrig) និងលោក ម៉ៃខឺល ស្ប៉ាវ័រ (Michael Spavor) ត្រូវបានអាជ្ញាធរចិនចាប់ខ្លួនក្រោមបទធ្វើចារកម្ម តែប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពី នាយកប្រតិបត្តិហិរញ្ញវត្ថុក្រុមហ៊ុន Huawei លោកស្រី ម៉េង វ៉ាន់ចូវ (Meng Wanzhou) ត្រូវបានអាជ្ញាកាណាដាឃាត់ខ្លួន កាលពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៨ នៅឯអាកាសយានដ្ឋាន វែនខូវើរ (Vancouver) តាមសំណើរបស់សហរដ្ឋអាមេរិក ដែលចោទប្រកាន់លោកស្រីថា មានពាក់ព័ន្ធនឹងបទក្លែងបន្លំជាច្រើនករណី។
ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាននៅថ្ងៃសុក្រសប្ដាហ៍នេះ លោក Justin Trudeau បានបញ្ជាក់យ៉ាងខ្លីដូច្នេះថា «ពលរដ្ឋកាណាដាទាំង ២នាក់ បានឆ្លងកាត់ស្ថានភាពដ៏លំបាកដ៏នឹកស្មានមិនដល់។ ប៉ុន្តែវាជាដំណឹងល្អសម្រាប់ពួកយើងទាំងអស់គ្នានោះគឺពួកគេទាំងពីរ កំពុងធ្វើដំណើរតាមផ្លូវត្រឡប់មកផ្ទះវិញ»។
គួរបញ្ជាក់ថា ការអះអាងខាងលើរបស់លោក Justin Trudeau កើតមានឡើងតែប៉ុន្មានម៉ោង បន្ទាប់ពីលោកស្រី Meng Wanzhou ត្រូវបានដោះលែង ឱ្យមានសេរីភាពឡើងវិញនៅថ្ងៃសុក្រសប្ដាហ៍នេះ បីឆ្នាំបន្ទាប់ពីជាប់ឃុំក្នុងផ្ទះ នៅប្រទេសកាណាដា ក្រោយមានកិច្ចព្រមព្រៀងជាមួយ ក្រសួងយុត្តិធម៌អាមេរិក ក្នុងការព្យួរចោលបទចោទប្រកាន់ ហើយក៏អាចនឹងឈានដល់ទម្លាក់ចោលការចោទប្រកាន់ ប្រឆាំងនឹងលោកស្រី Meng ទាំងស្រុងផងដែរ៕