(កាណាដា)៖ នាយកប្រតិបត្តិហិរញ្ញវត្ថុក្រុមហ៊ុន Huawei លោកស្រី Meng Wanzhou ត្រូវបានដោះលែងឱ្យមានសេរីភាពឡើងវិញហើយនៅថ្ងៃសុក្រសប្ដាហ៍នេះ បីឆ្នាំ បន្ទាប់ពីជាប់ឃុំក្នុងផ្ទះនៅប្រទេសកាណាដា ក្រោយមានកិច្ចព្រមព្រៀងជាមួយក្រសួងយុត្តិធម៌អាមេរិកក្នុងការព្យួរចោលបទចោទប្រកាន់ប្រឆាំងនឹងលោកស្រីដែលបានបំពុល ទំនាក់ទំនងរវាងចិន អាមេរិក និងកាណាដា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី២៥ ខែកញ្ញា ឆ្នាំ២០២១។

លោកស្រី Meng Wanzhou មានអាយុ ៤៩ឆ្នាំ និងជាកូនស្រីរបស់លោក Ren Zhengfei ស្ថាបនិកក្រុមហ៊ុន Huawei ត្រូវបានដោះលែងឱ្យមានសេរីភាពនៅក្នុងសវនាការ មួយក្នុងទីក្រុង Vancouver ប្រទេសកាណាដា ប៉ុន្មានម៉ោងក្រោយរដ្ឋអាជ្ញាអាមេរិកប្រកាសពីការឈានដល់កិច្ចព្រមព្រៀងដែលសម្រេចការព្យួរបទចោទប្រកាន់ហើយ អាចនឹងឈានទៅដល់ការទម្លាក់ចោលបទប្រកាន់ប្រឆាំងលោកស្រី Meng តែម្ដង។

ក្រោយត្រូវបានដោះលែង លោកស្រី Meng បានឡើងជិះយន្ដហោះភ្លាមៗចេញពីប្រទេសកាណាដា មកកាន់ទីក្រុង Shenzhen ដែលនេះជាការធ្វើមាតុភូមិនិវត្តន៍ជាលើក ដំបូងបំផុតរបស់លោកស្រីទៅកាន់ប្រទេសចិនវិញ បន្ទាប់ពីត្រូវបានអាជ្ញាធរកាណាដាឃាត់ខ្លួនកាលពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៨ នៅឯអាកាសយានដ្ឋាន Vancouver តាមសំណើរបស់សហរដ្ឋអាមេរិកដែលចោទប្រកាន់លោកស្រីពាក់ព័ន្ធនឹងបទក្លែងបន្លំជាច្រើនករណី។ ទំាងទីក្រុងប៉េកាំង និងក្រុមហ៊ុន Huawei បានច្រានចោលរាល់ ការចោទប្រកាន់ពីទីក្រុងវ៉ាស៊ីនតោន។

គួរបញ្ជាក់ថា កិច្ចព្រមព្រៀងដោះលែងលោកស្រី Meng Wanzhou មិនទាន់មានការបញ្ជាក់លម្អិតនៅឡើយទេ។ ប៉ុន្តែក្រុមមន្ត្រីកាណាដារំពឹងថាសេរីភាពរបស់លោកស្រី នាយកប្រតិបត្តិហិរញ្ញវត្ថុរូបនេះអាចនឹងជំរុញឱ្យចិនដោះលែងពលរដ្ឋកាណាដាពីរនាក់គឺលោក Michael Spavor និងលោក Michael Kovrig ដែលត្រូវបានអាជ្ញាធរចិនចាប់ខ្លួនក្រោមបទធ្វើចារកម្មតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីលោកស្រី Meng ត្រូវបានចាប់ខ្លួន៕