(វីយែន)៖ លោក វ៉ាង ឈុន (Wang Qun) ប្រេសិតចិនប្រចាំនៅអង្គការសហប្រជាជាតិ (UN) និងអង្គការអន្តរជាតិដទៃទៀត ដែលមានមូលដ្ឋាននៅទីក្រុង វីយែន (Vienna) ប្រទេសអូទ្រីសបានថ្លែងថា ការអូសទាញដំណោះស្រាយពាក់ព័ន្ធកូរ៉េខាងជើង កាលពីមុនមកគិតគូរឡើងវិញនៅពេលនេះ គឺជាមធ្យោបាយប្រកបដោយប្រសិទ្ធភាព ដើម្បីបំបែកភាពជាប់គាំង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាព្រឹកថ្ងៃសៅរ៍ ទី២៥ ខែកញ្ញា ឆ្នាំ២០២១។

នៅក្នុងកិច្ចប្រជុំនៃ ទីភ្នាក់ងារឃ្លាំមើលថាមពលអាតូមិចអន្តរជាតិ (IAEA) នៅថ្ងៃសុក្រសប្តាហ៍នេះក្នុងទីក្រុងវីយែន បានអនុម័តនូវដំណោះស្រាយមួយ ដែលមានចំណងជើងថា «ការអនុវត្តសន្ធិសញ្ញាមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ (NPT ឬ Non-Proliferation Treaty) រវាងទីភ្នាក់ងារ IAEA និងប្រទេសកូរ៉េខាងជើង ដោយមានការឯកភាពគ្នា»។

ទន្ទឹមនឹងនេះដែរនៅក្នុងសន្និសីទលើកទី ១២ ស្តីពីការសម្របសម្រួល ការចូលជាធរមាននៃសន្ធិសញ្ញាហាមធ្វើតេស្តអាវុធនុយក្លេអ៊ែរគ្រប់ទម្រង់ (CTBT) គណៈកម្មការរៀបចំសន្ធិសញ្ញា CTBT នេះបានចេញសេចក្តីប្រកាស និងវិធានការចុងក្រោយ ដើម្បីលើកកម្ពស់ការចូលជាធរមាននៃ CTBT ក៏ដូចជាសេចក្តីប្រកាសនៃខួបលើកទី ២៥ របស់ខ្លួនផងដែរ។

ឯកសាររបស់ IAEA និង CTBT ទាំងពីរនេះ បានរួមបញ្ចូលខ្លឹមសារលក្ខខណ្ឌ នៃការទាញត្រលប់ក្រោយវិញនូវដំណោះស្រាយរបស់ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) ដែលទាក់ទងនឹងកូរ៉េខាងជើង ដូចដែលបានស្នើដោយគណៈប្រតិភូចិន។ ប្រេសិតចិន លោក Wang Qun ដែលជាតួអង្គដ៏សំខាន់បានលើកឡើងថា «លក្ខខណ្ឌនៃការវិលត្រលប់ត្រូវបានបង្កើតឡើង នៅក្នុងដំណោះស្រាយពាក់ព័ន្ធរបស់ ក្រុមប្រឹក្សាសន្តិសុខ UN កាលពីឆ្នាំ ២០០៦ ប៉ុន្តែនេះជាលើកដំបូង ដែលវាត្រូវបានបញ្ចូលទៅក្នុងឯកសារសំខាន់ៗ របស់អង្គការអន្តរជាតិធំៗទាំងពីរខាងលើ»។

នៅក្នុងន័យនេះ ប្រទេសចិនគាំទ្រចំពោះសំឡេងអន្តរជាតិ ដែលចង់ឲ្យដោះស្រាយបញ្ហានុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ ហើយក៏ជាការបង្ហាញចំពោះសកម្មភាពដ៏យូរអង្វែងរបស់ចិន ក្នុងការកសាងនូវទំនាក់ទំនងអន្តរជាតិ ដែលមានការគោរពគ្នាទៅវិញទៅមក និងកិច្ចសហប្រតិបត្តិការឈ្នះឈ្នះ ដែលកំពុងទទួលបានការគាំទ្រយ៉ាងទូលំទូលាយ ក្នុងចំណោមសហគមន៍អន្តរជាតិផងដែរ។

គួរបញ្ជាក់ថា ចិនមិនគាំទ្រចំពោះការដាក់សម្ពាធ ឬទណ្ឌកម្មលើកូរ៉េខាងជើង ដើម្បីដោះស្រាយបញ្ហានោះឡើយ ព្រោះវានឹងមិនអាចបង្កើតលទ្ធផលអ្វីទាល់តែសោះ។ ដូច្នេះការទាញត្រលប់មកវិញ នូវដំណោះស្រាយដែលមានរួចមកហើយ ដើម្បីឲ្យប្រទេសកូរ៉េខាងជើង ស្ថិតនៅក្នុងការតាមដានជាប់ជានិច្ចនោះ ទើបជាមធ្យោបាយដែលអន្តរជាតិ អាចពង្រឹងវិធានការចាំបាច់របស់ខ្លួន ចំពោះកូរ៉េខាងជើងឡើងវិញបាន៕