(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន នៅថ្ងៃសុក្រសប្តាហ៍នឹងធ្វើឱ្យស៊ីជម្រៅបន្ថែមទៀត ក្នុងការពង្រឹងភាពជាអ្នកដឹកនាំរបស់អាមេរិកនៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកប្រឆាំងនឹងប្រទេសចិន ដែលកំពុងងើបត្រដែតឡើង ជាមួយនឹងកិច្ចប្រជុំកំពូលដោយផ្ទាល់លើកដំបូងរបស់ក្រុម Quad ក្នុងតំបន់។ នៅបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២៤ ខែកញ្ញា ឆ្នាំ២០២១។

កិច្ចប្រជុំនៅសេតវិមាន លោក បៃដិន និងមេដឹកនាំអូស្ត្រាលី ឥណ្ឌា និងជប៉ុននឹងពិភាក្សាជុំវិញបញ្ហាជាច្រើនរួមមានដូចជា ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់ ការប្រែប្រួលអាកាសធាតុ និងការធានាខ្សែសង្វាក់ផ្គត់ផ្គង់សម្រាប់ឧបករណ៍អេឡិចត្រូនិក ដែលប្រើក្នុងបច្ចេកវិទ្យាកុំព្យូទ័រ។

មន្រ្តីជាន់ខ្ពស់អាមេរិកម្នាក់បានប្រាប់អ្នកយកព័ត៌មានថា បើទោះបីជាប្រទេសចិនមិនស្ថិតនៅក្នុងរបៀបវារៈនោះក៏ដោយ ក៏ក្រុមប្រទេស Quad នឹងសង្កត់ធ្ងន់លើការគាំទ្រសេរីភាព និងការបើកចំហតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។
ឃ្លានេះត្រូវបានគេប្រើជាញឹកញាប់ដើម្បីធានាថា ចិនកុម្មុយនិស្តនឹងមិនត្រូវបានអនុញ្ញាតឲ្យគ្រប់គ្រងតំបន់ផ្តាច់មុខ ក្នុងនោះរួមទាំងផ្លូវសមុទ្រអន្តរជាតិសំខាន់ៗផងដែរ។

សម្រាប់ទីក្រុងវ៉ាស៊ីនតោន កិច្ចប្រជុំ Quad នេះ គឺជាការបោះជំហានមួយទៀត ដើម្បីស្តារការផ្តោតអារម្មណ៍របស់អាមេរិកឡើងវិញ លើកិច្ចខិតខំប្រឹងប្រែងលើសមរភូមិការទូត បន្ទាប់ពីការចាកចេញយ៉ាងតក់ក្រហល់ពីសង្គ្រាមជាង២០ឆ្នាំនៅប្រទេសអាហ្វហ្គានីស្ថាន។

មន្រ្តីរដ្ឋបាលជាន់ខ្ពស់ម្នាក់ ដែលសុំមិនបញ្ចេញឈ្មោះបាននិយាយថា «រដ្ឋបាលលោក បៃដិន យល់ថាបញ្ហាប្រឈមនៃសតវត្សរ៍ទី២១ នឹងមានលក្ខណៈធំទូលាយនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។ យើងកំពុងបង្កើនការខិតខំរបស់យើងទ្វេដង»។

ក្នុងចំណោមសម្ព័នមិត្តក្នុងតំបន់ចំនួនបី ដែលក្រុងវ៉ាស៊ីនតោនដឹកនាំនៅក្នុងល្បែងអុកយុទ្ធសាស្ត្រ ទប់ទល់នឹងការឡើងឥទ្ធិពលរបស់ចិន គឺមានតែប្រទេសសម្ព័នមិត្ត Quad នេះហើយ ដែលមានភាពបើកចំហជាងគេ។

ពីរផ្សេងទៀតគឺសម្ព័ន្ធភាពចែករំលែកការស៊ើបការណ៍សម្ងាត់ Five Eyes ដែលរួមមានអូស្ត្រាលី កាណាដា នូវែលសេឡង់ ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក និងមួយទៀតដែលទើបតែលេចចេញជារូបរាង គឺ AUKUS ៕