(ប៉ារីស)៖ រដ្ឋមន្រ្តីហិរញ្ញវត្ថុបារាំង លោក ប៊្រុយណូ ឡឺមែរ (Bruno Le Maire) បាននិយាយថា វិបត្តិការទូតរវាងប្រទេសលោក ហើយនិងអូស្រ្តាលី សហរដ្ឋអាមេរិក ព្រមទាំងចក្រភពអង់គ្លេស កំពុងបង្ហាញឲ្យឃើញថា សហភាពអឺរ៉ុប លែងអាចពឹងផ្អែកលើអាមេរិក ដើម្បីធានាការការពាររបស់ខ្លួនតទៀតហើយ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CGTN នៅថ្ងៃសុក្រ ទី២៤ ខែកញ្ញា ឆ្នាំ២០២១។

លោក ឡឺមែរ បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានបារាំងយ៉ាងដូច្នេះថា៖ «មេរៀនដំបូងបំផុត ដែលយើងអាចរៀនពីបញ្ហានេះ គឺសហភាពអឺរ៉ុប ត្រូវតែកសាងភាពឯករាជ្យជាយុទ្ធសាស្រ្តរបស់ខ្លួន។ តាំងពីបញ្ហាអាហ្វហ្កានីស្ថាន រហូតដល់បញ្ហាកិច្ចព្រមព្រៀងនាវាមុជទឹក សឲ្យឃើញថា យើងលែងអាចពឹងពាក់លើសហរដ្ឋអាមេរិក ដើម្បីធានាការការពារយុទ្ធសាស្រ្តរបស់ពួកយើងទៀតហើយ»

លោករដ្ឋមន្រ្តីបារាំងបានបន្ថែមថា «ឥឡូវសហរដ្ឋអាមេរិកមានក្តីបារម្ភតែមួយគត់គឺចិន គឺគ្រប់គ្រងការកើនឡើងនៃឥទ្ធិពលរបស់ប្រទេសចិន។ ទាំងលោក ដូណាល់ ត្រាំ ដែលជាអតីតប្រធានាធិបតី និងលោក ចូ បៃដិន ដែលជាប្រធានាធិបតីបច្ចុប្បន្ន សុទ្ធតែជឿថា សម្ព័ន្ធមិត្តត្រូវតែស្តាប់បង្គាប់ ត្រូវតែរណបអាមេរិក ប៉ុន្តែយើងជឿថា ពួកយើងត្រូវតែមានឯករាជ្យដោយខ្លួនឯង»

គួរបញ្ជាក់ថា នេះគឺជាការបន្តបង្ហាញជំហររឹងមាំពីរដ្ឋាភិបាលបារាំង ចាប់តាំងតែពីទីក្រុងប៉ារីស ត្រូវបានធ្វើឲ្យភ្ញាក់ផ្អើលជាខ្លាំង ដោយសារតែ សេចក្តីប្រកាសបង្កើតសម្ព័ន្ធភាពសន្តិសុខត្រីភាគី រវាងអាមេរិក អង់គ្លេស និងអូស្រ្តាលី រួមជាមួយការលុបចោលកិច្ចព្រមព្រៀងនាវាមុជទឹក រវាងអូស្រ្តាលីនិងបារាំង៕