(តូក្យូ)៖ រដ្ឋមន្រ្តីសុខាភិបាលជប៉ុន លោក ណូរីហ៉ីសា តាមូរ៉ា (Norihisa Tamura) នៅថ្ងៃសុក្រនេះបានថ្លែងថា ស្ថានភាពនៃការឆ្លងរីករាលជំងឺ COVID-19 នៅក្នុងប្រទេសជប៉ុន កំពុងមានភាពប្រសើរឡើងវិញ ដែលធ្វើឲ្យការដាក់ភាពអាសន្ននៅតំបន់ភាគច្រើននៃប្រទេស អាចត្រូវដកចេញ ក្នុងពេលឆាប់ៗនេះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៤ ខែកញ្ញា ឆ្នាំ២០២១។

លោក Norihisa Tamura បានគូសបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា អត្រាអ្នកជំងឺត្រូវសម្រាកនៅមន្ទីរពេទ្យ និងចំនួនគ្រែពេទ្យដែលនៅទំនេរ នឹងត្រូវបញ្ចូល ក្នុងការសម្រេចពិចារណាថា តើការដាក់ភាពអាសន្ន ដែលគ្របដណ្តើបលើទូទាំងទីក្រុងតូក្យូ និងតំបន់ភាគច្រើននៃប្រទេស អាចត្រូវដកចេញនៅចុងខែកញ្ញានេះដែរឬទេ។ លោក Norihisa Tamura បានថ្លែងថា «បន្ទាប់ពីបានស្តាប់យោបល់របស់ក្រុមអ្នកជំនាញ គណៈរដ្ឋមន្ត្រីនឹងធ្វើការសម្រេចចិត្តចុងក្រោយលើបញ្ហានេះ»

វីរុសបំប្លែងខ្លួន Delta បានបង្កឱ្យមានរលកទី៥ នៃការឆ្លងរីករាលដាលជំងឺ COVID-19 នៅក្នុងប្រទេសជប៉ុន ដែលជំរុញឱ្យករណីឆ្លងកើនឡើង ដល់កំរិតខ្ពស់បំផុត កាលពីខែមុន។ ដើម្បីការពារកុំឱ្យប្រព័ន្ធសុខាភិបាលដួលរលំ រដ្ឋាភិបាលជប៉ុន បានពង្រីកការអនុវត្តវិធានការភាពអាសន្ន ឲ្យគ្របដណ្តប់លើប្រហែល ៨០ភាគរយនៃប្រជាជនជប៉ុន រហូតដល់ចុងខែកញ្ញានេះ។

វិធានការរឹតត្បិតផ្តោតជាសំខាន់លើ ការស្នើសុំឱ្យភោជនីយដ្ឋានបិទទ្វារមុនម៉ោង និងចៀសវាងការបម្រើសេវាកម្មគ្រឿងស្រវឹងជាដើម។ រីឯប្រជាជន ត្រូវបានគេជំរុញឱ្យធ្វើការពីផ្ទះ តាមដែលអាចធ្វើទៅបាន និងចៀសវាងការធ្វើដំណើរដែលមិនចាំបាច់។ ប៉ុន្តែស្ថានការណ៍ COVID-19 ក្នុងប្រទេសជប៉ុន នាពេលនេះ គឺមានភាពប្រសើរជាងមុនហើយ។

គួរបញ្ជាក់ថា បើតាមគេហទំព័រ Worldometers រហូតមកទល់ពេលនេះ ប្រទេសជប៉ុន បានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេសជាង ១.៦៨លានករណី ក្នុងនោះមានអ្នកស្លាប់ជាង ១៧,៣០០នាក់ និងអ្នកជាសះស្បើយជាង ១.៦២លាននាក់៕