(វ៉ាស៊ីនតោន)៖ ក្រុមសមាជិកសភាតំណាងរាស្ត្រអាមេរិក បានអនុម័តរួចរាល់ហើយ ចំពោះកញ្ចប់ថវិកាជំនួយចំនួន ១ពាន់លានដុល្លារ ក្នុងការផ្គត់ផ្គង់ប្រព័ន្ធការពារមីស៊ីល អាយអឺន ដម (Iron Dome) ទៅដល់ប្រទេសអ៉ីស្រាអែល ដែលជាសម្ពន្ធមិត្តសំខាន់បំផុតរបស់ខ្លួន នៅក្នុងតំបន់មជ្ឈិមបូព៌ា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នារសៀលថ្ងៃសុក្រ ទី២៤ ខែកញ្ញា ឆ្នាំ២០២១។
ការអនុម័តខាងលើនេះត្រូវបានធ្វើឡើង បន្ទាប់ពីមានការពន្យារពេល ដោយសារតែការបិទរដ្ឋាភិបាលកន្លងមកនេះ ព្រមទាំងវិបត្តិប្រាក់បំណុល ដែលរដ្ឋាភិបាលនឹងអាចជួបប្រទះ នៅក្នុងខែតុលាខាងមុខនេះ។ ទោះជាយ៉ាងណាក៏ដោយ ក្រុមសមាជិកសភាបក្សប្រជាធិបតេយ្យ ដែលមានសំឡេងភាគច្រើនស្រាប់ នៅក្នុងសភាតំណាងរាស្ត្របានអះអាងថា ពួកអាចដោះស្រាយបញ្ហានានាបាន លុះត្រាណាតែប្រាក់ជំនួយសម្រាប់ Iron Dome ត្រូវបានអនុម័ត។
ការអនុម័តត្រូវបានធ្វើឡើងដោយរលូនក្នុងសំឡេងគាំទ្រ ៤២០ ទល់នឹងសំឡេងប្រឆាំង ៩។ ប្រធានសភាតំណាងរាស្ត្រអាមេរិក លោកស្រី ណេនស៊ី ផេឡូស៊ី (Nancy Pelosi) បានថ្លែងក្នុងឱកាសនោះថា «ការអនុម័តកញ្ចប់ថវិកាលើកនេះ ឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពីការឯកភាពគ្នានៅក្នុងសភា ដើម្បីសន្តិសុខប្រទេសអ៊ីស្រាអែល។ ជំនួយដល់អ៊ីស្រាអែល ពិតជាមានសារៈសំខាន់ណាស់ ពីព្រោះសន្តិសុខរបស់អ៊ីស្រាអែល គឺជាភាពចាំបាច់សម្រាប់សន្តិសុខរបស់អាមេរិក»។
គួរបញ្ជាក់ថា ប្រព័ន្ធការពារមីស៊ីល Iron Dome របស់សហរដ្ឋអាមេរិក ពិតជាមានសារៈសំខាន់ខ្លាំងបំផុត ចំពោះប្រទេសអ៊ីស្រាអែល ព្រោះវាមានសមត្ថភាពអាចទប់ទល់ គ្រាប់រ៉ុក្កែតរយៈចម្ងាយខ្លីរាប់ពាន់គ្រាប់ ដែលបាញ់ចេញដោយក្រុមសកម្មប្រយុទ្ធ ហាម៉ាស់ (Hamas) ពីតំបន់ ហ្កាហ្សា (Gaza) ចូលទៅកាន់ទឹកដីអ៊ីស្រាអែល៕