(ឡា ប៉ាល់ម៉ា, អេស្ប៉ាញ)៖ កម្អែលភ្នំភ្លើង, ផ្សែង និងផេះបានជះពាសពេញផ្ទៃអាកាស និងតំបន់ជុំវិញនៅលើកោះឡាប៉ាល់ម៉ា (La Palma) ប្រទេសអេស្ប៉ាញ បន្ទាប់ពីភ្នំភ្លើង ឃ្យូមប្រេ វីអេហា (Cumbre Vieja) នៅតែបន្តមានសកម្មភាព គិតមកទល់នឹងពេលនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៤ ខែកញ្ញា ឆ្នាំ២០២១។
ភ្នំភ្លើង Cumbre Vieja បានបញ្ចេញសកម្មភាពយ៉ាងកញ្ជ្រោល តាំងតែពីថ្ងៃអាទិត្យសប្ដាហ៍មុនមកម្ល៉េះ ហើយការផ្ទុះភ្នំភ្លើងនេះ បាននិងកំពុងគំរាមកំហែងយ៉ាងខ្លាំងដល់ ដំណាំចេករបស់ប្រជាជនកសិករនៅតាមតំបន់ ដែលស្ថិតនៅក្បែរភ្នំភ្លើងនេះ។ មិនទាន់មានសេចក្ដីរាយការណ៍ថា មានអ្នកស្លាប់ ឬរងរបួសនៅឡើយទេ ប៉ុន្តែផ្ទះជាច្រើនខ្នង បានរងការបំផ្លិចបំផ្លាញ រីឯប្រជាជនរាប់ពាន់នាក់ត្រូវបានជម្លៀស ទៅកាន់ទីកន្លែងមានសុវត្ថិភាព។
បើតាមអាជ្ញាអេស្ប៉ាញ គិតត្រឹមថ្ងៃព្រហស្បតិ៍ ទី២៣ ខែកញ្ញា ផ្ទះប្រជាជនច្រើនជាង ២០០ខ្នងបានរងការបំផ្លិចបំផ្លាញ ហើយមនុស្សរាប់ពាន់នាក់កំពុងស្នាក់នៅជំរុំបណ្ដោះអាសន្ន រៀបចំដោយរដ្ឋ ហើយរដ្ឋាភិបាលនៅក្នុងតំបន់បានអះអាងថា ពួកគេនឹងទិញអគារស្នាក់នៅថ្មី ឱ្យអ្នកដែលបាត់បង់ផ្ទះ។
គួរបញ្ជាក់ថា La Palma ជាកោះក្មេងមួយ ស្ថិតនៅក្នុងប្រជុំកោះ ខាណារី (Canary) ដែលជាកម្មសិទ្ធិរបស់ប្រទេសអេស្ប៉ាញ ស្ថិតនៅក្នុងដែនសមុទ្រអាត្លង់ទិច នៃភាគពាយ័ព្យទ្វីបអាហ្វ្រិក។ កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ អាជ្ញាធរអេស្ប៉ាញបានអះអាងថា កោះ La Palma បានរងការញ័ររញ្ជួយដី រហូតដល់ទៅជាង ២០,០០០ដង នៅក្នុងរយៈពេល ១សប្តាហ៍ មុនការផ្ទុះភ្នំភ្លើង Cumbre Vieja កើតឡើង៕