(វ៉ាស៉ីនតោន)៖ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុប ១២៧,៤៦៣នាក់ទៀតបានឆ្លងជំងឺ COVID-19 ខណៈអ្នកជំងឺ ១,៩៧៤នាក់បានស្លាប់នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។ នេះបើតាមការដកស្រង់ទិន្នន័យ ចេញពីគេហទំព័រ Worldometers នាព្រឹកថ្ងៃសុក្រ ទី២៤ ខែកញ្ញា ឆ្នាំ២០២១។

ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ៤៣,៥៣២,៤៩១ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៧០២,៩៧៨នាក់ និងជាសះស្បើយឡើងសរុប ៣៣.០៣លាននាក់។ សម្រាប់ចំនួនប្រជាជនសរុប ដែលកំពុងរស់នៅលើទឹកដីសហរដ្ឋអាមេរិកគឺជាង ៣៣២លាននាក់។

នៅថ្ងៃពុធសប្តាហ៍នេះ រដ្ឋបាលឱសថ និងចំណីអាហារ (FDA) នៃសហរដ្ឋអាមេរិក បានផ្តល់ការអនុម័តបន្ថែមទៀត ឲ្យប្រើប្រាស់វ៉ាក់សាំងដូសជំរុញ ឬដូសទី ៣ របស់ក្រុមហ៊ុន Pfizer-BioNTech ដោយក្នុងនោះ ការចាក់អាចធ្វើឡើងចំពោះមនុស្ស មានវ័យចំណាស់ចាប់ពី ៦៥ឆ្នាំឡើងទៅ ក៏ដូចជាមនុស្សពេញវ័យ ដែលមានជំងឺប្រចាំកាយធ្ងន់ធ្ងរ ឬបម្រើការងារនៅទីកន្លែង ដែលរងហានិភ័យនៃការឆ្លងជំងឺ COVID-19 ក្នុងកម្រិតខ្ពស់។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ សហរដ្ឋអាមេរិកបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សរុបចំនួន ៣៨៧លានដូស ក្នុងនោះប្រជាជន ២១២.៥៤លាននាក់ (៦៤.៨% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់យ៉ាងហោចណាស់ ១ដូស និង ១៨២.៣៨លាននាក់ (៥៥.៦%) បានទទួលការចាក់គ្រប់ដូស៕