Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អនុប្រធានាធិបតីអាមេរិក បំពេញទស្សនកិច្ចនៅឥណ្ឌា, អាមេរិកបន្តកៀរគរសម្ពន្ធមិត្ត ឲ្យរួមគ្នាទប់ទល់ឥទ្ធិពលចិន (Video inside)

24-09-2021 10:55

(ញូដេលី)៖ អនុប្រធានាធិបតីអាមេរិកលោកស្រី កាម៉ាឡា ហារីស (Kamala Harris) បានជួបពិភាក្សាផ្ទាល់ជាមួយ នាយករដ្ឋមន្រ្តីឥណ្ឌាលោក ណារិនដ្រា ម៉ូឌី នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ហើយបានសង្កត់ធ្ងន់ពីសារៈសំខាន់ នៃការរក្សាសេរីភាព និងការបើកចំហនៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ខណៈដែលសហរដ្ឋអាមេរិកកំពុងព្យាយាម ពង្រឹងនយោបាយឆ្ពោះមកកាន់តំបន់អាស៊ី និងបង្កើនទំនាក់ទំនងជាមួយសម្ពន្ធមិត្ត ដើម្បីទប់ទល់ឥទ្ធិពលចិន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នាព្រឹកថ្ងៃសុក្រ ទី២៤ ខែកញ្ញា ឆ្នាំ២០២១។

ការជួបគ្នារវាងលោកស្រីអនុប្រធានាធិបតីអាមេរិក ដែលមានឈាមជ័រជាជនជាតិឥណ្ឌា និងនាយករដ្ឋមន្ត្រីឥណ្ឌាក្នុងសប្តាហ៍នេះ កំពុងធ្វើឲ្យពិភពលោកមានការចាប់អារម្មណ៍ជាខ្លាំង ជាពិសេសនៅពេលដែលលោក ណារិនដ្រា ម៉ូឌី ត្រូវបានគេដឹងកន្លងមកនេះ ធ្លាប់មានទំនាក់ទំនងយ៉ាងជិតស្និទ្ធបំផុត ជាមួយអតីតរដ្ឋបាលលោក ដូណាល់ ត្រាំ។ ទោះជាយ៉ាងណា រដ្ឋបាលប្រធានាធិបតីលោក ចូ បៃដិន នៅពេលនេះ គឺស្ថិតក្នុងគោលដៅប្រមូលផ្តុំសម្ពន្ធមិត្តនៅអាស៊ី ដើម្បីតទល់នឹងឥទ្ធិពលចិន ដែលកំពុងកើនឡើងឥតឈប់ឈរ, ហេតុដូច្នេះឥណ្ឌាគឺជាសម្ពន្ធមិត្តដ៏សំខាន់បំផុត។

នៅក្នុងជំនួបជាមួយលោក ម៉ូឌី, លោកស្រី ហារីស បានកត់សម្គាល់យ៉ាងដូច្នេះថា «សហរដ្ឋអាមេរិកក៏ដូចជាឥណ្ឌាផងដែរ មានអារម្មណ៍ថាមានមោទនភាពយ៉ាងខ្លាំង នៅក្នុងភាពជាសមាជិកនៃតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ប៉ុន្តែប្រការនេះក៏ស្ថិតក្នុងភាពផុយស្រួយ និងសារៈសំខាន់ផងដែរ... បញ្ហាទាំងនេះ គឺទៅលើទំនាក់ទំនងរួមមាន ការរក្សាតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ប្រកបដោយភាពសេរី និងបើកចំហ»

ជាកិច្ចឆ្លើយតប លោក ម៉ូឌី កោតសរសើរលោកស្រីអនុប្រធានាធិបតីរូបនេះថា ជាថ្នាក់ដឹកនាំពិតប្រាកដមួយរូប ប្រកបដោយភាពជឿជាក់ និងជាមិត្តពិតប្រាកដរបស់ឥណ្ឌា ដែលបានជួយប្រទេសឥណ្ឌា ទប់ទល់ការរាតត្បាតជំងឺ COVID-19។ លោក ម៉ូឌី បានលើកឡើងទៀតថា «ក្នុងនាមជាប្រទេសប្រជាធិបតេយ្យ ដែលមានវ័យចំណាស់បំផុត និងប្រជាធិបតេយ្យធំបំផុត យើងគឺជាដៃគូដ៏ល្អប្រសើរបំផុតពីធម្មជាតិ ព្រោះយើងមានគុណតម្លៃដូចគ្នា...»

គួរបញ្ជាក់ថា កន្លងមកនេះប្រធានាធិបតីអាមេរិកលោក ចូ បៃដិន និងលោក ណារិនដ្រា ម៉ូឌី ក៏ធ្លាប់ជួបពិភាក្សាគ្នានៅក្នុងកិច្ចប្រជុំ ក្វាដ (Quad) ផងដែរ រួមជាមួយនឹងមេដឹកពីរប្រទេសផ្សេងទៀត គឺជប៉ុន និងអូស្ត្រាលី។ កិច្ចប្រជុំ Quad ដែលបានប្រព្រឹត្តទៅតាមប្រព័ន្ធវីដេអូអនឡាញ កាលពីពេលថ្មីៗនេះ មានគោលដៅក្នុងការជំរុញកិច្ចសហប្រតិបត្តិការ នៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ដើម្បីឆ្លើយតបទៅនឹងអ្វី ដែលសហរដ្ឋអាមេរិកតែងតែអះអាងថា ជាការទប់ទល់ឥទ្ធិពលចិនក្នុងតំបន់៕