(ឡុងដ៍)៖ ក្រសួងការពារជាតិអង់គ្លេសនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បានបញ្ចេញជាលើកដំបូងបំផុតនូវបញ្ជីទូទាត់សំណង ដល់ជនស៊ីវិលរាប់រយនាក់ដែលបានស្លាប់ មានជាប់ពាក់ព័ន្ធនឹងប្រតិបត្តិការយោធារបស់អង់គ្លេស នៅក្នុងប្រទេសអាហ្វហ្កានីស្ថាន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃសុក្រ ទី២៤ ខែកញ្ញា ឆ្នាំ២០២១។

បើតាមក្រសួងការពារជាតិអង់គ្លេស ប្រាក់សំណង ៦៨៨,០០០ផោន ត្រូវបានផ្ដល់ជាសំណងដល់គ្រួសាររបស់ជនស៊ីវិល ២៨៩នាក់ដែលស្លាប់នៅចន្លោះពីឆ្នាំ២០០៦ ដល់ឆ្នាំ២០១៤ ឬក៏ជាមធ្យម ២,៣៨០ផោនក្នុងមួយគ្រួសារ។ ក៏ប៉ុន្តែ មានគ្រួសារអាហ្វហ្កានីស្ថានមួយទទួលបានប្រាក់សំណងត្រឹមតែ ១០៤.១៧ផោន ឬស្មើនឹង១៤២.៩៣ដុល្លារតែប៉ុណ្ណោះ ពោលគឺតិចជាងប្រាក់សំណងដែលត្រូវបានបង់ឱ្យគ្រួសារមួយចំនួន ដែលមានសត្វពាហនៈស្លាប់ទៅទៀត។

គ្រួសារខាងលើនេះបានទទួលសំណងកាលពីខែកុម្ភៈ ឆ្នាំ២០០៨ ដោយសារពួកគេមានសមាជិកគ្រួសារបានស្លាប់ និងទ្រព្យសម្បត្តិរបស់ពួកគេត្រូវបានបំផ្លាញដោយសារប្រតិបត្តិការយោធារបស់អង់គ្លេស។ ប៉ុន្តែ មិនមានព័ត៌មានលម្អិតអ្វីបន្ថែមចំពោះការផ្ដល់សំណងតិចតួចបំផុតនេះទេ៕