Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សហរដ្ឋអាមេរិកត្រៀមបញ្ជូនវ៉ាក់សាំង ២.៥លានដូសទៅបង់ក្លាដែស តបតាមការប្តេជ្ញាបង្កើនការចែកចាយ វ៉ាក់សាំងកូវីដ-១៩ ជាសកល (Video inside)

24-09-2021 09:52

(វ៉ាស៉ីនតោន)៖ មន្រ្តីសេតវិមានបានថ្លែងនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះថា សហរដ្ឋអាមេរិកកំពុងបញ្ជូនវ៉ាក់សាំងបង្ការជំងឺ COVID-19 ចំនួន ២.៥លានដូសទៀតទៅកាន់ប្រទេសបង់ក្លាដែស ដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដោយសារជំងឺឆ្លងដ៏កាចសាហាវនេះ បន្ទាប់ពីរដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានប្រកាសពីការបង្កើនការបរិច្ចាគវ៉ាក់សាំងជាសកល។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅព្រឹកថ្ងៃសុក្រ ទី២៤ ខែកញ្ញា ឆ្នាំ២០២១។

ការបញ្ជូនចុងក្រោយបង្អស់របស់អាមេរិក គឺជាវ៉ាក់សាំង Pfizer ចំនួន ២,៥០៨,៤៨០ដូស នាំឱ្យចំនួនវ៉ាក់សាំងសរុបដែលសហរដ្ឋអាមេរិក បានបញ្ជូនទៅកាន់ប្រទេសអាស៊ីខាងត្បូងមួយនេះ កើនឡើងដល់ជាង ៩លានដូសហើយ។

មន្រ្តីអាមេរិកដែលសុំមិនបញ្ចេញឈ្មោះខាងលើនេះ បានគូសបញ្ជាក់ប្រាប់សារព័ត៌មាន AFP ថា ការវេចខ្ចប់កំពុងដំណើរការ ហើយការផ្ដល់ជូនលើកដំបូង បានធ្វើឡើងតាមរយៈកម្មវិធីចែកចាយវ៉ាក់សាំងអន្តរជាតិ Covax របស់អង្គការសុខភាពពិភពលោក (WHO) នឹងទៅដល់នៅថ្ងៃច័ន្ទសប្ដាហ៍ក្រោយនេះ។ មន្រ្តីរូបនេះបានថ្លែងថា «យើងមានមោទនភាពណាស់ ដែលអាចផ្តល់នូវវ៉ាក់សាំងដែលមានសុវត្ថិភាព និងប្រសិទ្ធភាពទាំងនេះជូនដល់ប្រជាជនបង់ក្លាដែស។ យើងកំពុងចែករំលែកដូសទាំងនេះ មិនដើម្បីទាញយកសម្បទានអ្វីមកវិញទេ»

គួរបញ្ជាក់ថា បើតាមទិន្នន័យរបស់សារព័ត៌មាន AFP មានតែប្រមាណ ៩.៣ភាគរយប៉ុណ្ណោះនៃប្រជាជនបង់ក្លាដែសសរុបប្រហែល ១៧០លាននាក់ ដែលបានទទួលការចាក់វ៉ាក់សាំងពេញលេញ (ចំនួន ០២ដូស) គិតត្រឹមសប្តាហ៍នេះ៕