(វ៉ាស៊ីនតោន)៖ បេសកជនពិសេសអាមេរិកប្រចាំប្រទេសហៃទីលោក Daniel Foote បានលាលែងពីមុខតំណែង បន្ទាប់ពីជនអន្តោប្រវេសន៍ហៃទីប្រមាណជាង ១៥,០០០ នាក់ បានប្រមូលផ្តុំគ្នានៅលើស្ពានព្រំដែនក្នុងទីក្រុង Del Rio រដ្ឋតិចសាស់ កាលពីសប្តាហ៍មុន ហើយលោកបានចាត់ទុកដំណោះស្រាយរបស់រដ្ឋាភិបាល សម្រាប់ជនអន្តោប្រវេសន៍ទាំងនេះជារឿងដ៏អយុត្តិធម៌។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន NBC NEWS នៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែកញ្ញា ឆ្នាំ២០២១។

លោក Foote បាននិយាយនៅក្នុងលិខិតលាលែងពីតំណែងរបស់លោកទៅកាន់រដ្ឋមន្ត្រីការបរទេសលោក Antony Blinken កាលពីថ្ងៃពុធថា «ជាមួយនឹងការខកចិត្តយ៉ាងខ្លាំង និងសូមអភ័យទោសចំពោះអ្នកដែលស្វែងរកការផ្លាស់ប្តូរដ៏សំខាន់ ខ្ញុំបានសម្រេចលាលែងពីតំណែងជាបេសកជនពិសេសសម្រាប់ប្រទេសហៃទី ហើយវានឹងចូលធរមានភ្លាមៗ»

ទន្ទឹមនឹងនោះ លោកបានសង្កត់ធ្ងន់ថា លោកបានថ្កោលទោសចំពោះការសម្រេចចិត្តដ៏អមនុស្សធម៌ ដែលបាននិរទេសជនភៀសខ្លួនហៃទីរាប់ពាន់នាក់ ខណៈដែលអនុសាសន៍ផ្ទាល់ខ្លួនរបស់លោកត្រូវបានគេ «មិនអើពើនិងច្រានចោល»

កាលពីសប្តាហ៍មុនជនអន្តោប្រវេសន៍ជាង ១៥,០០០ នាក់ ដែលភាគច្រើនជាជនជាតិហៃទី ត្រូវបានគេមើលឃើញថា បានប្រមូលផ្តុំគ្នានៅស្ពានអាកាសមួយនៅទីក្រុង Del Rio រដ្ឋតិចសាស់ ខណៈឆ្មាំការពារអាមេរិកមួយចំនួនបានជិះសេះដេញតាមចាប់ និងបណ្ដេញពួកគេចេញពីទឹកដីអាមេរិក ហើយរូបភាពនៃសកម្មភាពនេះត្រូវបានបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម។

គួរបញ្ជាក់ថា ក្រុមអ្នកលេងបណ្ដេញទំនាក់ទំនងសង្គមខ្លះបានប្រដូចរូបភាពឆ្មាំការពារព្រំដែនអាមេរិកជិះសេះ ទៅនឹងប្រវត្តិសាស្ត្រនៃការធ្វើទុក្ខបុកម្នេញលើជនជាតិស្បែកខ្មៅ នៅលើទឹកដីអាមេរិក កាលពីអតីតកាល ហើយប្រធានឆ្មាំការពារព្រំដែនអាមេរិក លោក Raul Ortiz បានឱ្យដឹងការស៊ើបអង្កេតមួយត្រូវបានធ្វើឡើងដើម្បីដឹងឱ្យប្រាកដថា តើថាការជិះសេះគំរាមកំហែងជនអន្តោប្រវេសន៍ដោយក្រុមមន្ត្រីអនុវត្តច្បាប់គឺជារឿងមិនត្រឹមត្រូវ ឬក៏យ៉ាងណា៕