(ម៉ូស្គូ)៖ ក្រសួងការពារជាតិរុស្ស៉ី បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា កងទ័ពជើងទឹករុស្ស៉ី បានធ្វើតេស្ដចាប់សញ្ញា និងបាញ់កម្ទេចគោលដៅនៅឯតំបន់សមុទ្រខ្មៅ (Black Sea) ដែលស្ថិតនៅជិតឆ្នេរសមុទ្រនៃឧបទ្វីបគ្រីមៀ (Crimea) ដោយប្រើប្រាស់ប្រព័ន្ធខែលការពារមីស៊ីល Bastion របស់ខ្លួន ខណៈអ៊ុយក្រែនកំពុងធ្វើ
សមយុទ្ធយោធារួមគ្នាជាមួយសហរដ្ឋអាមេរិក។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែកញ្ញា ឆ្នាំ២០២១។
សមយុទ្ធនៅអ៊ុយក្រែន ដែលមានការចូលរួមពីកងទ័ពអាមេរិក និងកងទ័ពអង្គការណាតូ (NATO) ដទៃទៀត គ្រោងនឹងដំណើរការរហូតដល់ថ្ងៃទី០១ ខែតុលា ខាងមុខនេះ។ ក្រសួងការពារជាតិរុស្ស៉ី បានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថាកងនាវាចរសមុទ្រខ្មៅរបស់ប្រទេសរុស្ស៉ី បានអនុវត្តការបាញ់ប្រហារកម្ទេចលើ គោលដៅសមុទ្រខ្មៅ ដោយប្រព័ន្ធខែលការពារមីស៉ីល Bastion ជាប្រព័ន្ធការពារប្រឆាំងនឹងនាវាចល័ត និងប្រព័ន្ធការពារពីផ្ទៃទឹកដល់ផ្ទៃដី។
គួរបញ្ជាក់ថា បើតាមរដ្ឋមន្ត្រីការពារជាតិរុស្ស៉ី លោក ស៉ឺហ្គៃ សយហ្គូ (Sergei Shoigu) ប្រព័ន្ធខែលការពារមីស៉ីល Bastion អាចបាញ់ប្រហារលើគោលដៅ សមុទ្រនៅចម្ងាយ ៣៥០គីឡូម៉ែត្រ និងគោលដៅគោកនៅចម្ងាយ ៤៥០គីឡូម៉ែត្រ៕