(វែលីងតោន)៖ នាយករដ្ឋមន្រ្តីនូវែលសេឡង់ លោកស្រី ចេស៉ីនដា អាដឺន (Jacinda Ardern) បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា វិធានការបិទខ្ទប់ (lockdown) អាចត្រូវបញ្ចប់ទៅបាន នៅពេលដែលប្រជាជនភាគច្រើន បានទទួលការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 រួចរាល់។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែកញ្ញា ឆ្នាំ២០២១។
ខណៈទីក្រុងដ៏ធំបំផុតរបស់ប្រទេសនូវែលសេឡង់ គឺទីក្រុងអកលេនដ៍ (Auckland) នៅតែបន្តស្ថិតក្រោមវិធានការបិទខ្ទប់ ហើយករណីឆ្លងថ្មីៗ ក៏ត្រូវបានរាយការណ៍ជារៀងរាល់ថ្ងៃ លោកស្រី Jacinda Ardern បាននិយាយថា ការចាក់វ៉ាក់សាំង នឹងជំនួសការបិទខ្ទប់ ដើម្បីជាយុទ្ធសាស្រ្តដ៏សំខាន់បំផុត ក្នុងការប្រឆាំងនឹងជំងឺឆ្លងរាតត្បាតដ៏កាចសាហាវនេះ ហើយអនុញ្ញាតឱ្យអាជ្ញាធរធ្វើចត្តាឡីស័ក តែចំពោះអ្នកដែលបានឆ្លងជំងឺនេះប៉ុណ្ណោះ។
លោកស្រី Jacinda Ardern បាននិយាយបន្ថែមថា «ប្រសិនបើអត្រានៃការចាក់វ៉ាក់សាំង ឈានដល់ខ្ពស់គ្រប់គ្រាន់នោះ យើងនឹងអាចចាកចេញពីការបិទខ្ទប់បាន។ អត្រាវ៉ាក់សាំងខ្ពស់បំផុត ក៏នឹងផ្តល់នូវសេរីភាពច្រើនបំផុតដែរ ដូច្នេះប្រទេសយើង គួរតែផ្តោតលើការចាក់វ៉ាក់សាំង ជូនប្រជាជនរបស់ខ្លួនឱ្យបានដល់៩០ភាគរយឡើង»។
គួរបញ្ជាក់ថា អាជ្ញាធរនូវែលសេឡង់ កាលពីថ្ងៃពុធម្សិលមិញនេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងថ្មីៗចំនួន ១៥ករណីបន្ថែមទៀត ដែលករណីឆ្លងទាំងអស់ ត្រូវបានរកឃើញនៅក្នុងទីក្រុង Auckland ដែលធ្វើឱ្យចំនួនករណីឆ្លងសរុប នៅក្នុងរលកឆ្លងរាតត្បាតចុងក្រោយនេះ កើនឡើងដល់ ១,១២៣ករណី។
រហូតមកទល់ពេលនេះ ប្រហែល ៤០ភាគរយនៃប្រជាជននូវែលសេឡង់ពេញវ័យសរុប បានទទួលការចាក់វ៉ាក់សាំងពេញលេញ (ចំនួន ០២ដូស) រួចរាល់ហើយ ខណៈប្រហែល ៧៥ភាគរយទៀត បានទទួលការចាក់វ៉ាក់សាំង យ៉ាងហោចណាស់ ០១ដូសរួចរាល់ហើយដែរ៕