(ប៉េកាំង)៖ រដ្ឋមន្រ្តីការបរទេសចិន លោក វ៉ាង យី នៅថ្ងៃព្រហស្បតិ៍នេះ បានអំពាវនាវឲ្យក្រុមប្រទេស G20 បង្កើនកិច្ចប្រឹងប្រែងរបស់ពួកគេ ក្នុងការផ្តល់ជំនួយដល់ប្រទេសអាហ្វហ្កានីស្ថាន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន CGTN នៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែកញ្ញា ឆ្នាំ២០២១។
លោកប្រមុខការទូតចិន បានធ្វើការអំពាវនាវដូចខាងលើ ក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេស G20 ស្តីពីអាហ្វហ្កានីស្ថាន ដែលរៀបចំឡើងតាមប្រព័ន្ធវីដេអូ។ លោក វ៉ាង បានបន្តថា រាល់ទណ្ឌកម្ម ឬការរឹតត្បិតផ្សេងៗ ដែលបានដាក់លើអាហ្វហ្កានីស្ថាន គួរតែត្រូវដកចេញវិញ ឲ្យបានឆាប់តាមតែអាចទៅរួច។
បន្ថែមពីនេះ ដោយសង្កត់ធ្ងន់លើភាពស្រពិចស្រពិល នៃអនាគតរបស់ប្រទេសអាហ្វហ្កានីស្ថាន លោក វ៉ាង យី ក៏បានទទូចឲ្យក្រុមប្រទេស G20 ដើរតួនាទីស្ថាបនា ក្នុងការលើកកម្ពស់សុខសន្តិភាព ការអភិវឌ្ឍ និងការសម្រុះសម្រួលជាតិ នៅក្នុងប្រទេសអាស៉ីខាងត្បូងមួយនេះផងដែរ។
គួរបញ្ជាក់ថា ក្នុងខែកញ្ញានេះ ទីក្រុងប៉េកាំងបានប្រកាសថា ខ្លួននឹងផ្តល់ជំនួយបន្ទាន់ទំហំ២០០លានយាន់ ឬស្មើនឹងខ្ទង់៣១លានដុល្លារ រួមមានស្បៀងអាហារ សម្ភារៈរដូវរងា វ៉ាក់សាំង និងឱសថផ្សេងៗ ដល់អាហ្វហ្កានីស្ថាន៕