(តូក្យូ)៖ នាយករដ្ឋមន្រ្តីជប៉ុន លោក ស៊ូហ្គា យ៉ូស៉ីហ៉ីដេ (Yoshihide Suga) បាននិយាយនៅក្នុងកិច្ចប្រជុំកំពូលតាមរយៈវីដេអូមួយ នៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសជប៉ុន នឹងបង្កើនការបរិច្ចាគវ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ខ្លួនទ្វេដង ដល់ប្រទេសដែលខ្វះខាត គឺប្រមាណ៦០លានដូស។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters ទី២៣ ខែកញ្ញា ឆ្នាំ២០២១។
ការសន្យានេះ បានបន្ថែមពីលើកិច្ចព្រមព្រៀងពីមុន ក្នុងការបរិច្ចាគវ៉ាក់សាំងចំនួន ៣០លានដូស និងទឹកប្រាក់ចំនួន ១ពាន់លានដុល្លារអាមេរិក ដល់កម្មវិធីចែកចាយវ៉ាក់សាំងអន្តរជាតិ COVAX ដែលដឹកនាំដោយសម្ព័ន្ធភាពវ៉ាក់សាំងអន្តរជាតិ GAVI និងអង្គការសុខភាពពិភពលោក (WHO)។
លោក Yoshihide Suga បានគូសបញ្ជាក់ប្រាប់នៅក្នុងកិច្ចប្រជុំកំពូលនោះថា «ប្រទេសជប៉ុន បានផ្ដល់វ៉ាក់សាំងចំនួន ២៣លានដូសដល់ ប្រទេស និងតំបន់ផ្សេងៗគ្នានៅទូទាំងពិភពលោករួចហើយ ដែលបានក្លាយជាប្រទេស ដែលបានផ្តល់វ៉ាក់សាំងដ៏ធំបំផុតទី៣ នៅលើពិភពលោក»។
គួរបញ្ជាក់ថា រហូតមកទល់ពេលនេះ ប្រទេសជប៉ុនបានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេស ១,៦៨១,១២០ករណី ក្នុងនោះមានអ្នកស្លាប់ ១៧,២៧៦នាក់ និងអ្នកជាសះស្បើយ ១,៦០៣,៨៣៣នាក់ ខណៈប្រហែល ៥៥ភាគរយនៃប្រជាជនសរុបរបស់ខ្លួន បានទទួលការចាក់វ៉ាក់សាំងពេញលេញ (ចំនួន ០២ដូស) រួចរាល់ហើយ ដោយភាគច្រើនប្រើប្រាស់វ៉ាក់សាំងប្រភេទ mRNA ដែលអភិវឌ្ឍឡើងដោយក្រុមហ៊ុនអាមេរិក Pfizer និង Moderna៕