(ញូយ៉ក)៖ សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស បានបង្ហាញការស្វាគមន៍ចំពោះការសន្យារបស់ចិន ក្នុងការបញ្ឈប់ការផ្ដល់មូលធិនិដល់ គម្រោងអភិវឌ្ឍថាមពលធ្យូងថ្មនៅក្រៅប្រទេស ប៉ុន្តែពួកគេនៅតែអំពាវនាវឱ្យចិនប្រឹងប្រែងបន្ថែមទៀត ដើម្បីប្រយុទ្ធប្រឆាំងការប្រែប្រួលអាកាសធាតុនៅក្នុងស្រុក។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៣ ខែកញ្ញា ឆ្នាំ២០២១។
ថ្លែងប្រាប់មហាសន្និបាតអង្គការសហប្រជាជាតិ នៅថ្ងៃពុធសប្ដាហ៍នេះ (ពេលវេលានៅទីក្រុងញូយ៉ក) លោកនាយករដ្ឋមន្ត្រីអង់គ្លេស បូរីស ចនសុន បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំសូមអរគុណលោកប្រធានាធិបតី ស៊ី ជិនពីង ដែលបានសន្យាថានឹងបញ្ឈប់ការផ្ដល់មូលនិធិ សម្រាប់ការអភិវឌ្ឍធ្យូងថ្មនៅក្រៅប្រទេស ហើយខ្ញុំរំពឹងដែរថា ចិននឹងប្រឹងប្រែងបន្ថែមទៀត ដើម្បីដោះស្រាយការប្រែប្រួលអាកាសធាតុនៅក្នុងស្រុក»។
ក្រៅពីលោក បូរីស ចនសុន មន្ត្រីអាមេរិកជាន់ខ្ពស់ម្នាក់ ក៏បានបង្ហាញការស្វាគមន៍ ចំពោះការសន្យារបស់លោក ស៊ី ជិនពីង ផងដែរ។
គួរបញ្ជាក់ថា លោក ស៊ី ជិនពីង កាលពីថ្ងៃអង្គារសប្ដាហ៍នេះ បានប្រាប់មហាសន្និបាតអង្គការសហប្រជាជាតិថា ប្រទេសចិននឹងបញ្ឈប់ការផ្ដល់មូលធិនិ ដល់គម្រោងអភិវឌ្ឍថាមពល ធ្យូងថ្មនៅក្រៅប្រទេស ដែលត្រូវបានអន្តរជាតិមើលឃើញថា ជាការចូលរួមចំណែកដ៏ធំធេងមួយ ដើម្បីប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ ព្រមទាំងនឹងពន្លឿនផងដែរនូវ កិច្ចខិតខំប្រឹងប្រែងឆ្ពោះទៅរកគោលដៅ «បញ្ចេញកាបូនក្នុងកម្រិតសូន្យ» ទៅក្នុងបរិយាកាស នៅត្រឹមឆ្នាំ២០៦០៕