(វ៉ាស៊ីនតោន)៖ នៅទីបំផុតកម្តៅការទូតរវាងទីក្រុងវ៉ាស៊ីនតោន និងប៉ារីស បានថយចុះវិញបន្តិចហើយ បន្ទាប់ពីកិច្ចសន្ទនាតាមទូរស័ព្ទត្រូវបានធ្វើឡើង រវាងប្រធានាធិបតីអាមេរិកលោក ចូ បៃដិន និងសមភាគីបារាំងលោក អ៊ែមម៉ានុយអ៊ែល ម៉ាក្រុង បានប្រព្រឹត្តទៅនៅថ្ងៃពុធសប្តាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន)។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៣ ខែកញ្ញា ឆ្នាំ២០២១។

អ្នកនាំពាក្យសេតវិមាន លោកស្រី ចេន ផ្សាគី (Jen Psaki) បានប្រាប់ក្រុមអ្នកសារព័ត៌មានថា កិច្ចសន្ទនារវាងមេដឹកនាំនៃសម្ពន្ធមិត្តទាំងពីរនេះ បានប្រព្រឹត្តទៅអស់រយៈពេល ៣០នាទី ហើយជាលទ្ធផល គឺបញ្ហារកាំរកូសអំលុងពេលមួយសប្តាហ៍មកនេះ មួយចំនួនត្រូវបានដោះស្រាយ។ លោក បៃដិន និងលោក ម៉ាក្រុង បានព្រមព្រៀងគ្នាក្នុងការពិគ្រោះយោបល់ស៊ីជម្រៅ ដើម្បីកសាងទំនុករវាងគ្នាឡើងវិញ ហើយក៏បានយល់ព្រមជួបគ្នាផ្ទាល់ ក្នុងកិច្ចប្រជុំមួយនៅអឺរ៉ុប ដែលនឹងប្រព្រឹត្តទៅនៅក្នុងខែតុលា ខាងមុខនេះផងដែរ។

បន្ថែមពីខាងលើនេះ ឯកអគ្គរដ្ឋទូតបារាំងលោក ហ្វីលីព អេត្យែន (Philippe Etienne) ដែលត្រូវបានលោក ម៉ាក្រុង កោះហៅឲ្យត្រលប់ទៅបារាំងវិញ កាលពីសប្តាហ៍មុននោះ ក៏នឹងត្រូវបញ្ជូនមកកាន់ទីក្រុងវ៉ាស៊ីនតោនវិញផងដែរ។ ដោយឡែកសម្រាប់ការដោះស្រាយ បញ្ហាការទូតជាមួយអូស្ត្រាលីវិញនោះ គឺមិនទាន់ត្រូវបានបញ្ជាក់នៅឡើយទេ។

ជុំវិញសំនួរថាតើលោក បៃដិន បានសុំទោសលោក ម៉ាក្រុង ដែរឬមួយក៏យ៉ាងណានោះ? អ្នកពាក្យសេតវិមានខាងលើនេះ បានត្រឹមលើកឡើងថា «លោក ចូ បៃដិន ធ្លាប់បានសង្ឃឹមថា នឹងអាចមានការពិគ្រោះយោបល់ ដែលប្រសើរជាងនេះ (ជាមួយលោក ម៉ាក្រុង)»។ យ៉ាងណាក៏ដោយ លោក ចូ បៃដិន បានប្តេជ្ញាជួយគាំទ្រដល់ប្រតិបត្តិការ ប្រយុទ្ធប្រឆាំងអំពើភេរវកម្មនៅតំបន់ សាហែល (Sahel) នៃភាគខាងជើងទ្វីបអាហ្វ្រិក ជាទីដែលកងកម្លាំងប្រឆាំងភេរវកម្ម ៥,០០០នាក់របស់បារាំង កំពុងឈរជើងយ៉ាងរឹងមាំ។

គួរបញ្ជាក់ថា អ្វីដែលមិនអាចប្រកែកបាននោះ គឺកិច្ចព្រមព្រៀងសន្តិសុខត្រីភាគីរវាង សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងប្រទេសអូស្ត្រាលី (A-UK-US) ត្រូវបានបង្កើតឡើងដើម្បីទប់ទល់ឥទ្ធិពលចិន នៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។ ប៉ុន្តែដោយសារតែក្នុងកិច្ចព្រមព្រៀងនោះ មានចែងអំពីការផ្តល់បច្ចេកវិទ្យាផលិត នាវាមុជទឹក-នុយក្លេអ៊ែរដល់ប្រទេសអូស្ត្រាលីនោះ ប្រទេសបារាំងបានក្លាយជាអ្នកខាតបង់ (គិតជាទឹកប្រាក់ប្រមាណ ៤០ពាន់លានដុល្លារអាមេរិក) ដោយសារតែការលុបចោលកិច្ចព្រមព្រៀង ទិញនាវាមុជទឹកពីសំណាក់អូស្ត្រាលី៕