(ប៉ារីស)៖ ក្រុមហ៊ុនផលិតនាវាមុជទឹកបារាំង Naval Group នៅថ្ងៃពុធនេះបានឱ្យដឹងថាខ្លួននឹងផ្ញើវិក្កយបត្រឱ្យអូស្ត្រាលីនៅប៉ុន្មានសប្ដាហ៍ខាងមុខទៀតនេះ ដោយរំពឹងថាទីក្រុងកង់បេរ៉ានឹងផ្ដល់សំណង ជុំវិញការលុបចោលកិច្ចព្រមព្រៀងទិញនាវាមុជទឹក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែកញ្ញា ឆ្នាំ២០២១។
នាយកប្រតិបត្តិក្រុមហ៊ុន Naval Group លោក ព្យែរ អេរីគ ប៉ុមមែលឡេ (Pierre Eric Pommellet) បានប្រាប់សារព័ត៌មានបារាំងឡឺ ហ្វីហ្ការ៉ូ (Le Figaro) ថាវិក្កយបត្រទូទាត់សំណងខាងលើនឹងត្រូវផ្ញើឱ្យអូស្ត្រាលី នៅប៉ុន្មានសប្ដាហ៍ខាងមុខទៀតនេះ។ លោកបានបញ្ជាក់បន្ថែមដូច្នេះថា «អូស្ត្រាលីជាអ្នកលុបចោល កិច្ចព្រមព្រៀងដោយខ្លួនឯង ដែលនេះមានន័យថាមិនមែនជាកំហុសរបស់ពួកយើងឡើយ...ហើយការសម្រេចចិត្តរបស់ពួកគេ (អូស្ត្រាលី) ធ្វើឡើងដោយមិនបាន ជូនដំណឹងជាមុនដល់ពួកយើងនោះទេ»។
គួរបញ្ជាក់ថា អូស្ត្រាលីកាលពីឆ្នាំ២០១៦ បានយល់ព្រមទិញនាវាមុជទឹកដើរថាមពលឥន្ធនៈធម្មតាពីក្រុមហ៊ុនបារាំង Naval Group ចំនួន១២គ្រឿងក្នុងតម្លៃ ៣៦.៥ពាន់លានដុល្លារ តែក្រោយការវាយតម្លៃឡើងវិញនាវាមុជទឹកទាំងនេះមានតម្លៃដល់ទៅ ៦៥ពាន់លានដុល្លារ។ ការសម្រេចចិត្តលុបចោលកិច្ចព្រមព្រៀង ទិញនាវាមុជទឹកពីបារាំងកើតមានឡើង បន្ទាប់ពីអាមេរិក អង់គ្លេស និងអូស្ត្រាលីកាលពីសប្ដាហ៍មុនបានប្រកាសបង្កើតសម្ព័ន្ធយោធាត្រីភាគីថ្មីមួយឈ្មោះ AUKUS ដែលតាមរយៈសម្ព័ន្ធភាពនេះអាមេរិក និងអង់គ្លេសនឹងជួយអូស្ត្រាលីផលិតនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ ដែលមានសមត្ថភាពខ្ពស់ជាងឆ្ងាយ ធៀបទៅនឹងនាវាមុជទឹកដែលបញ្ជាទិញពីបារាំង៕