(ឡុងដ៍)៖ នាយករដ្ឋមន្ត្រីអង់គ្លេសលោក បូរីស ចនសុន បានប្រាប់ទៅកាន់ប្រទេសបារាំងឲ្យ «អត់ធ្មត់បន្តិច» និងទុកឱកាសឲ្យសម្ពន្ធមិត្តដូចជា អង់គ្លេស អាមេរិក និងអូស្ត្រាលី បានធូរស្រាលអារម្មណ៍ចំពោះមុខជម្លោះដ៏តានតឹង ទៅលើកិច្ចសន្យាផលិតនាវាមុជទឹក ដើរដោយថាមពលនុយក្លេអ៊ែរ ដែលបាននាំឲ្យបារាំងខាតបង់រាប់សិបពាន់លានដុល្លារ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៣ ខែកញ្ញា ឆ្នាំ២០២១។
កិច្ចព្រមព្រៀងសន្តិសុខត្រីភាគីរវាង សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងប្រទេសអូស្ត្រាលី ដែលហៅថា AUKUS (A-UK-US) ត្រូវបានប្រកាសចេញកាលពីសប្តាហ៍មុននេះ ដោយក្នុងនោះកិច្ចសន្យាផ្តល់បច្ចេកវិទ្យាដល់អូស្ត្រាលី ក្នុងការផលិតនាវាមុជទឹកនុយក្លេអ៊ែរនោះ បាននិងកំពុងធ្វើឲ្យប្រទេសបារាំង ខឹងសម្បារយ៉ាងខ្លាំង។ បារាំងបានចោទសហរដ្ឋអាមេរិកថា បានប្រព្រឹត្តទង្វើ «លួចចាក់ពីក្រោយខ្នង» និងរិះគន់អង់គ្លេសថែមទៀតថា «ជាអ្នកចាំបន្ទរ ឬដើរតាមគេ»។ បារាំងក៏បានកោះហៅឯកអគ្គរដ្ឋទូតរបស់ខ្លួន ពីទីក្រុងវ៉ាស៊ីនតោន និងទីក្រុងកង់បេរ៉ាឲ្យត្រលប់ទៅវិញផងដែរ ដែលប្រការនេះពិតជាសញ្ញាបង្ហាញយ៉ាងច្បាស់ អំពីសញ្ញាប្រេះស្រាំរវាងសម្ពន្ធមិត្តលោកខាងលិច។
មួយថ្ងៃបន្ទាប់ពីការជួបពិភាក្សាផ្ទាល់ជាមួយ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នៅសេតវិមានក្នុងរដ្ឋធានីវ៉ាស៊ីនតោន នាយករដ្ឋមន្ត្រីអង់គ្លេសលោក បូរីស ចនសុន បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានថា «ខ្ញុំគិតថាវាដល់ហើយសម្រាប់ មិត្តភក្តិមួយចំនួនរបស់យើងនៅជុំវិញពិភពលោក បង្ហាញភាពអត់ធ្មត់បន្តិច ជុំវិញបញ្ហាទាំងអស់នេះ ហើយទុកឱកាសឲ្យយើងបានធូរស្រាលអារម្មណ៍ ព្រោះនេះ (កិច្ចព្រមព្រៀង AUKUS) គឺជាជំហានប្រកបដោយមូលដ្ឋានគ្រឹះដ៏អស្ចារ្យមួយ នៅក្នុងការឆ្ពោះទៅមុខ ដើម្បីសន្តិសុខសកលលោក»។
គួរបញ្ជាក់ថា ចំពោះពាក្យ «អត់ធ្មត់» និងពាក្យ «ទុកឱកាសឲ្យធូរស្រាលអារម្មណ៍ ឬសម្រាក» ខាងលើនេះ លោក បូរីស ចនសុន មិនបាននិយាយចេញជាភាសាអង់គ្លេសនោះឡើយ ដោយលោកបានថ្លែងជាភាសាបារាំងតែម្តង។ លោក ចនសុន ក៏បានសង្កត់ធ្ងន់ផងដែរថា A-UK-US មិនមែនបង្កើតឡើងដើម្បីកម្ចាយនរណាម្នាក់ចេញ ឬក៏ប្រឆាំងប្រទេសចិននោះឡើយ ដោយវាគ្រាន់តែជាការពង្រឹងសម្ព័ន្ធភាព រវាងប្រទេសទាំងបី (អង់គ្លេស អាមេរិក និងអូស្ត្រាលី) តែប៉ុណ្ណោះ៕