(វ៉ាស៊ីនតោន)៖ ចិនកាលពីថ្ងៃទី១៦ ខែកញ្ញាកន្លងទៅនេះ បានដាក់ពាក្យស្នើសុំជាផ្លូវការចូលជាសមាជិកទី១២ នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មអន្តរប៉ាស៊ីហ្វិក ឬហៅកាត់ថា CPTPP។ CPTPP គឺជាកិច្ចព្រមព្រៀងពាណិជ្ជកម្មមួយកើតចេញពីកិច្ចព្រមព្រៀងភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (TPP) ដែលប្រមូលផ្ដុំបណ្ដាប្រទេស នៅជុំវិញខ្សែក្រវាត់ប៉ាស៊ីហ្វិកដែលតំណាងឱ្យ ១៣.៤ ភាគរយនៃ GDP សកលលោក។
គោលបំណងមួយនៃការបង្កើតកិច្ចព្រមព្រៀងនេះឡើង គឺដើម្បីកាត់បន្ថយកុំឱ្យបណ្ដាប្រទេសនានា ពឹងផ្អែកខ្លាំងពេកទៅលើការធ្វើពាណិជ្ជកម្មជាមួយចិន ហើយ លើកកម្ពស់មុខមាត់ជាមេដឹកនាំពិភពលោករបស់សហរដ្ឋអាមេរិក។ អតីតកិច្ចព្រមព្រៀង TPP ត្រូវបានចុះហត្ថលេខាដោយប្រទេសជាសមាជិកចំនួន១២ ក្នុងនោះ រួមមានទាំងសហរដ្ឋអាមេរិក ក្រោមសម័យដឹកនាំនៃអតីតប្រធានាធិបតី លោក បារ៉ាក់ អូបាម៉ា កាលពីឆ្នាំ២០១៦។
ប៉ុន្តែ អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានដកសហរដ្ឋអាមេរិកចេញពី TPP កាលពីឆ្នាំ២០១៧ ដោយសំអាងថាកិច្ចព្រមព្រៀងនេះសម្លាប់ការងារ របស់ប្រជាជនអាមេរិក។ នៅឆ្នាំបន្ទាប់ គឺឆ្នាំ២០១៨ ទើបសមាជិក១១ផ្សេងទៀតដែលនៅសេសសល់ ដូចជា អូស្រ្តាលី, ប្រ៊ុយណេ, កាណាដា, ស៊ីលី, ជប៉ុន, ម៉ាឡេស៊ី, ម៉ិកស៊ិក, នូវែលសេឡង់, ប៉េរូ, សិង្ហបុរី និងវៀតណាម បានរួមគ្នាបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មអន្តរប៉ាស៊ីហ្វិក CPTPP។
គេនៅចាំបានថាក្នុងកិច្ចប្រជុំកំពូលនាយកប្រតិបត្តិនៃវេទិការសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក ឬហៅកាត់ថា APEC CEO កាលពីខែវិច្ឆិកា ឆ្នាំ២០២០ ប្រធានាធិបតីចិន លោក ស៊ី ជិនពីង បាននិយាយថាទីក្រុងប៉េកាំងកំពុងពិចារណាជាវិជ្ជមានលើការស្នើសុំចូលជាសមាជិក CPTPP ហើយក្រោយការប្រកាសនេះ ក្រុមមន្ត្រីចិនបានចាប់ផ្ដើមជួបពិភាក្សាជាមួយក្រុមមន្ត្រីជាសមាជិក CPTPP។ បើតាមក្រុមអ្នកជំនាញ ការស្នើសុំចូលជាសមាជិក CPTPP របស់ចិនមិនមែនជា រឿងងាយស្រួលឡើយ ហើយចិនក៏ដឹងរឿងនេះច្បាស់ជាងនរណាៗទាំងអស់ផងដែរ ដ្បិត CPTPP ត្រូវបានបង្កើតឡើងមានគោលបំណងចម្បងដើម្បីប្រឆាំង ការកើនឡើងឥទ្ធិពលចិន។
ដូច្នេះបើដឹងថាស្មុគស្មាញទៅហើយ ហេតុអ្វីបានចិននៅតែទទូចចង់ចូលជាសមាជិក? ពេលវេលាដែលចិនប្រកាសស្នើសុំជាផ្លូវការចូលជាសមាជិក CPTPP បាន ធ្វើឱ្យគេនឹកស្មានមិនដល់។ ក្រុមមន្ត្រីពាណិជ្ជកម្មជាច្រើន ធ្លាប់បានសន្និដ្ឋានថាទីក្រុងប៉េកាំងនឹងតាមដានយ៉ាងប្រុងប្រយ័ត្នបំផុតចំពោះការវិវត្តទាំងឡាយនៃ នីតិវិធីស្នើសុំចូលជាសមាជិក CPTPP របស់ចក្រភពអង់គ្លេសដែលទើបតែចាប់ផ្ដើមដំណើរការកាលពីពេលថ្មីៗនេះជាមុនសិន មុននឹងដាក់សំណើជាផ្លូវការ
ណាមួយ។ ពោលធ្វើបែបនេះគឺចិនចង់យកគំរូតាមអង់គ្លេស និងយកពេលវេលាបន្ថែមដើម្បីប្រមូលការគាំទ្រពីបណ្ដាប្រទេសជាសមាជិក CPTPP, ធ្វើដូច្នេះទើប ការស្នើសុំរបស់ខ្លួនទទួលបានចម្លើយតបជាវិជ្ជមានមកវិញ។
ការស្នើសុំរបស់ចិនក្នុងកាលៈទេសៈបច្ចុប្បន្ន ធ្វើឱ្យគេពិបាកស្មានណាស់ពីចេតនាពិតប្រាកដរបស់ចិន។ ការប្រកាសរបស់ចិនធ្វើឡើងតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពី សហរដ្ឋអាមេរិក អង់គ្លេស និងអូស្ត្រាលី ប្រកាសបង្កើតសម្ព័ន្ធយោធាត្រីភាគីថ្មីមួយកាលពីថ្ងៃទី១៥ ខែកញ្ញានេះដែលគេមើលឃើញមានគោលដៅទៅរកចិន ហើយនៅថ្ងៃទី១៦ ខែកញ្ញាដដែលនោះដែរ សហភាពអឺរ៉ុបបានបញ្ចេញយុទ្ធសាស្ត្រឥណ្ឌូ-ប៉ាស៊ីហ្វិកថ្មីមួយរបស់ខ្លួនដោយស្នើឱ្យមានការបង្កើនទំនាក់ទំនង សេដ្ឋកិច្ចកាន់តែជិតស្និទជាមួយកោះតៃវ៉ាន់។ ការវិវត្តស្ថានការណ៍បែបនេះធ្វើឱ្យអ្នកជំនាញខ្លះយល់ថាការសុំចូលជាសមាជិក CPTPP របស់ចិនគឺជាការឆ្លើយតប ទៅនឹងការបង្កើតសម្ព័ន្ធភាពត្រីភាគីអាមេរិក អង់គ្លេស និងអូស្ត្រាលី AUKUS។ ប៉ុន្តែ ភ្លាមៗនោះ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Zhào Lìjiān បាន អះអាងថាថាសំណើរបស់ចិនមិនមានជាប់ពាក់ព័ន្ធនឹង AUKUS នោះទេ ដ្បិតសំណើនេះត្រូវបានលើកឡើងដោយលោក ស៊ី ជិនពីងតាំងតែពីខែវិច្ឆិកា ឆ្នាំទៅមុនមកម្លេះ។
ជាការពិតណាស់ ចិនប្រហែលជាមិនមែនមានគោលដៅតែទៅលើ AUKUS នោះទេ តែចិនសម្លឹងឃើញប្រយោជន៍រយៈពេលវែង និងធំជាងនេះ។ សម្រាប់ចិន ការចូលរួមក្នុងកិច្ចព្រមព្រៀង CPTPP គឺជាឱកាសមួយឱ្យទីក្រុងប៉េកាំងលើកកម្ពស់មុខមាត់របស់ខ្លួននៅលើឆាកអន្តរជាតិ ក្នុងនាមជាអ្នកការពារពាណិជ្ជកម្ម ពហុភាគី និងសេរី ប្រឆាំងនឹងការធ្វើ «ពាណិជ្ជកម្មគាំពារនិយម»។ ជាក់ស្ដែង នៅក្នុងបទវិចាណកថាដោយស្រង់សម្ដីអ្នកវិភាគម្នាក់ កាសែតរដ្ឋចិន Global Times បានប្រៀបធៀបអាកប្បកិរិយាប្រកបដោយភាពបើកចំហ និងសុទិដ្ឋិនិយមរបស់ចិនចំពោះ CPTPP ទៅនឹងសហរដ្ឋអាមេរិកដែលនៅតែបន្តស្ថិតនៅក្រៅ កិច្ចព្រមព្រៀងពាណិជ្ជកម្មនេះ។
ក្រៅតែពីប្រជែងជាមួយអាមេរិក, ចិនមានគោលដៅដ៏សំខាន់មួយទៀត នោះគឺតៃវ៉ាន់ ដែលត្រូវបានគេរាយការណ៍ថាបានជូនដំណឹងពីចេតនាចង់ចូលរួមក្នុង CPTPP ដែរកាលពីឆ្នាំ២០២០ កន្លងទៅ។ អ្នកជំនាញភាគច្រើនយល់ថា ប្រសិនបើសមាជិកភាពរបស់ចិនត្រូវបានទទួលស្គាល់ នោះចិនអាចនឹងដាក់សម្ពាធយ៉ាង មានប្រសិទ្ធភាពកុំឱ្យ CPTPP ទទួលយកតៃវ៉ាន់។ លើសពីនេះទៅទៀត ទោះជាចិនចូលជាសមាជិកបាន ឬមិនបានក៏ដោយ តែចង់ ឬមិនចង់ សំណើរបស់ចិនអាច នឹងបង្កឱ្យមានការបាក់បែក ឬការខ្វែងគំនិតគ្នានៅក្នុងចំណោមប្រទេសជាសមាជិក CPTPP នៅក្នុងករណីដែលពួកគេមិនអាចផ្ដល់ចម្លើយរួមមួយត្រឡប់មកចិន វិញ ខណៈប្រទេសមួយចំនួនដូចជាសិង្ហបុរី និងម៉ាឡេស៊ីបានបង្ហាញជំហរគាំទ្រចិន។
*តើអូស្ត្រាលី និងសមាជិក CPTPP ដទៃ ព្រមទទួលយកចិនដែរឬទេ?
សំណើសុំចូលជាសមាជិក CPTPP របស់ចិនក៏បានធ្វើឱ្យលេចឡើងនូវសំណួរ ២ដ៏សំខាន់ផងដែរ នោះគឺថាតើវានឹងជំរុញឱ្យសហរដ្ឋអាមេរិកនឹងត្រឡប់ចូលរួមក្នុង កិច្ចព្រមព្រៀង CPTPP ដែរឬទេ? ហើយថាតើសមាជិកដទៃអាចនឹងទទួលយកចិនឱ្យចូលជាសមាជិកដែរ ឬក៏យ៉ាងណា? ចំពោះការត្រឡប់មកវិញរបស់អាមេរិក គឺអាស្រ័យទៅនឹងនយោបាយនៅក្នុងស្រុកអាមេរិក រីឯការទទួល ឬមិនទទួលយកចិន គឺអាស្រ័យទៅស្ថានភាពសេដ្ឋកិច្ចសកលលោកជាក់ស្ដែង។
បើតាមនីតិវិធីរបស់ CPTPP ការទទួលយកប្រទេសណាមួយជាសមាជិកគឺត្រូវធ្វើឡើងតាមគោលការណ៍កុងសង់ស៊ីស ឬការសម្រេចចិត្តជាឯកច្ឆន្ទពីសមាជិកដែល នៅសេសទាំង១១ ប្រទេស។ ផ្អែកលើនីតិវិធីកុងសង់ស៊ីសនេះ ចិនពិបាកនឹងអាចចូលជាសមាជិកបានណាស់ ព្រោះអូស្ត្រាលីដែលកំពុងមានជម្លោះស្ទើគ្រប់វិស័យ ជាមួយចិនស្រាប់ផងនោះ បានបង្ហាញជំហរជំទាស់រួចទៅហើយ។ ចំណែកឯ កាណាដា, ម៉ិចស៊ិក ឬជប៉ុន ក៏ត្រូវមើលទឹកមុខអាមេរិកសិនដែរ មុននឹងពួកគេចង់ជួប ពិភាក្សា ឬបើកភ្លើងបៃតងឱ្យចិន។ ជាឧទាហរណ៍, កាណាដា និងម៉ិកស៊ិក គឺជាប្រទេសស្ថិតនៅក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្ម ឬគេស្គាល់ថា USMCA ជាមួយ អាមេរិក។ នៅក្នុងកថាខណ្ឌមួយនៃកិច្ចព្រមព្រៀងនេះដែលមានកម្រាស់ជាង ១,៨១២ទំព័រ វាបានផ្ដល់សិទ្ធិអំណាចមួយឱ្យអាមេរិកដាក់សម្ពាធកុំឱ្យប្រទេសទាំង ២នេះបើកកិច្ចចរចាជាមួយចិន ដែលត្រូវបានអាមេរិកចាត់បញ្ចូលទៅក្នុងញ្ជីឈ្មោះនៃ «ប្រទេសមិនមានទីផ្សារ» ឬ «non-market country»។
នៅក្នុងកិច្ចព្រមព្រៀង USMCA, ប្រទេសជាសមាជិកទាំង៣ មានសិទ្ធិដកខ្លួន ឬបញ្ចប់កិច្ចព្រមព្រៀងនេះ នៅក្នុងករណីដែលមានប្រទេសណាមួយចូលរួមក្នុង
កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសដែលស្ថិតនៅក្នុងបញ្ជីនៃប្រទេស non-market country។ មួយវិញទៀត មុននឹងចូលជាសមាជិក CPTPP ចិនខ្លួន ឯងត្រូវធ្វើកំណែទម្រង់ និងបំពេញតាមលក្ខខណ្ឌស្ដង់ដារឱ្យស្របគ្នាទៅនឹងការធ្វើពាណិជ្ជកម្មរបស់ CPTPP ក្នុងនោះរួមមានការធ្វើកំណែទម្រង់ក្រុមហ៊ុន ជាកម្មសិទ្ធិរបស់រដ្ឋ, ពាណិជ្ជកម្មឌីជីថល និងច្បាប់កម្មសិទ្ធិបញ្ញាជាដើម ដែល CPTPP យល់ថាចិនមិនទាន់អាចបំពេញគ្រប់លក្ខខណ្ឌឱ្យស៊ីគ្នាទៅនឹងរបៀបធ្វើ ពាណិជ្ជកម្មរបស់ពួកគេ។
តែទោះជាបែបនេះក្ដី ការពិតមួយដែលមិនអាចប្រកែកបាន នោះគឺប្រទេស CPTPP ភាគច្រើនសុទ្ធតែជាដៃគូពាណិជ្ជកម្មធំជាមួយចិន ដែលជាដៃគូផ្គត់ផ្គង់ខ្សែ
ចង្វាក់ផលិតកម្ម និងគោលដៅវិនិយោគដ៏ធំរបស់ពួកគេ ហើយគួបផ្សំនឹងវិបត្តិសេដ្ឋកិច្ចបង្កឡើងដោយ COVID-19 បានប្រទេសទាំងនេះនៅតែត្រូវការទីផ្សារដ៏ធំ របស់ចិនដើម្បីស្ដារសេដ្ឋកិច្ចរបស់ពួកគេឡើងវិញ ក្រោយវិបត្តិ COVID-19។ ដូច្នេះការនិយាយពាក្យថា «ទេ» ភ្លាមៗចំពោះចិន ហាក់ដូចជាមិនទំនងទាល់តែសោះ ព្រោះថាការអនុវត្តជាក់ស្ដែង និងស្ថានភាពជាក់ស្ដែងអាចនឹងធ្វើឱ្យស្ថានការណ៍ប្រែប្រួលគ្រប់ពេល ជាពិសេសនៅពេលមួយដែលផលប្រយោជន៍ជាតិត្រូវតម្កល់ ទុកមុនគេ។
មួយវិញទៀត ប្រសិនបើសហរដ្ឋអាមេរិកបង្ហាញពីចេតនាត្រឡប់ចូលរួមកិច្ចព្រមព្រៀង CPTPP ក្នុងពេលអនាគតដ៏ខ្លី នោះគឺមិនបាច់និយាយអ្វីច្រើនទេ ដោយ ប្រទេសជាសមាជិកដទៃនឹងបង្ហាញជំហរតឹងរ៉ឹងជាមួយចិន។ ប៉ុន្តែ មកទល់នឹងពេលនេះ សហរដ្ឋអាមេរិកនៅតែស្ថិតនៅក្រៅកិច្ចព្រមព្រៀង CPTPP ដោយ អ្នកនាំពាក្យសេតវិមាន លោកស្រី Jen Psaki បានបញ្ជាក់ច្បាស់ៗ កាលពីសប្ដាហ៍មុនថាការសម្រេចចិត្តទទួល ឬមិនទទួលយកចិនគឺជាសិទ្ធិសម្រេចរបស់ សមាជិក CPTPP។ នេះមានន័យថាអាមេរិកនៅតែស្ទាក់ស្ទើរ ហើយការបន្តដកខ្លួនពីកិច្ចព្រមព្រៀងពាណិជ្ជកម្មប្រពៃណីជាមួយសម្ព័ន្ធមិត្តបែបនេះទៀតសោត វាអាចនឹងធ្វើឱ្យប្រទេសដទៃចាប់ផ្ដើមនឿយណាយ ហើយអាចនឹងពឹងផ្អែករឹតតែខ្លាំងលើទីផ្សារចិនក៏ថាបាន៕
ប្រភព៖ Foreign Policy (ថ្ងៃពុធ ទី២២ ខែកញ្ញា ឆ្នាំ២០២១)