(ហ្សឺណេវ)៖ អង្គការសហប្រជាជាតិនៅថ្ងៃពុធនេះបានប្រកាសបញ្ចេញថវិកាចំនួន៤៥ លានដុល្លារអាមេរិក ដើម្បីជួយការពារប្រព័ន្ធសុខាភិបាលរបស់អាហ្វហ្គានីស្ថានពីការដួលរលំ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃពុធ ទី២២ ខែកញ្ញា ឆ្នាំ២០២១។

អនុប្រធានអគ្គលេខាធិការអង្គការសហប្រជាជាតិ ទទួលបន្ទុកកិច្ចការមនុស្សធម៌ និងជាអ្នកសម្របសម្រួលជំនួយសង្គ្រោះបន្ទាន់លោក Martin Griffiths បាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា «ការទុកឱ្យប្រព័ន្ធផ្តល់សេវាថែទាំសុខភាពរបស់អាហ្វហ្គានីស្ថានដួលរលំ នឹងក្លាយជាគ្រោះមហន្តរាយ។ ប្រជាជននៅទូទាំងប្រទេសនឹងមិនអាចសូម្បីតែទទួលបានសេវាថែទាំសុខភាពបឋមដូចជាផ្នែកវះកាត់បន្ទាន់ និងការព្យាបាលរបួសជាដើម»

លោកបាននិយាយថា ថវិកានេះនឹងផ្តល់ទៅអង្គការសុខភាពពិភពលោក និងមូលនិធិកុមាររបស់អង្គការសហប្រជាជាតិ ព្រមទាំងសម្រាប់ការចំណាយលើមន្ទីរពេទ្យដែលព្យាបាលអ្នកជំងឺកូវីដ១៩ ដែលនឹងដំណើរការនៅចុងឆ្នាំនេះ។

លោក Griffiths បន្ថែមថា អង្គការសហប្រជាជាតិបានប្តេជ្ញាថានឹងឈរនៅក្បែរប្រជាជនអាហ្វហ្កានីស្ថានក្នុងពេលដែលពួកគេត្រូវការ៕