(ម៉ានីល)៖ ប្រធានាធិបតីហ្វីលីពីនលោក រ៉ូឌ្រីហ្គូ ឌូតឺតេ (Rodrigo Duterte) នៅថ្ងៃពុធនេះបានថ្កោលទោសយ៉ាងខ្លាំង ចំពោះផែនការដ៏ «អាត្មានិយម» របស់បណ្តាប្រទេសអ្នកមាន ក្នុងការស្តុកទុកវ៉ាក់សាំងបង្ការជំងឺ COVID-19 ខណៈប្រទេសក្រីក្រកំពុងជួបប្រទះការខ្វះខាតវ៉ាក់សាំង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៉ីនហួរ នៅល្ងាចថ្ងៃពុធ ទី២២ ខែកញ្ញា ឆ្នាំ២០២១។

លោក Rodrigo Duterte បានថ្លែងសុន្ទរកថាមួយ ទៅកាន់សម័យប្រជុំលើកទី ៧៦ នៃមហាសន្និបាតអង្គការសហប្រជាជាតិ (UNGA) ថា «ការខ្វះខាតវ៉ាក់សាំង កំពុងកើតឡើងនៅតាមបណ្តាប្រទេសក្រីក្រ។ បណ្តាប្រទេសអ្នកមានបានស្តុកទុកវ៉ាក់សាំង សម្រាប់ការពារជីវិតប្រជាជនពួកគេ ខណៈដែលប្រទេសក្រីក្រ កំពុងរង់ចាំទទួលការចាក់វ៉ាក់សាំង។ ទង្វើបែបនេះ ពិតជាគួរឱ្យភ្ញាក់ផ្អើលហួសពីការស្មាន ហើយគួរត្រូវតែទទួលការថ្កោលទោសយ៉ាងខ្លាំង ចំពោះទង្វើដ៏អាត្មានិយមបែបនេះ ដែលមិនអាចត្រូវបានរាប់ជាទង្វើសុចរិត ដែលប្រកបដោយសមធម៌ និងសីលធម៌ឡើយ»

លោក Rodrigo Duterte បានជំរុញឱ្យប្រទេសអ្នកមាន គាំទ្រយ៉ាងពេញទំហឹងដល់ កម្មវិធីចែកចាយវ៉ាក់សាំងអន្តរជាតិ COVAX និងពង្រឹងយន្តការលើកិច្ចសហប្រតិបត្តិការ ចែកចាយវ៉ាក់សាំងផ្សេងៗទៀត។ លោក Rodrigo Duterte បាននិយាយបន្ថែមថា «យើងត្រូវការធ្វើបែបនេះ ដើម្បីជួយសង្គ្រោះអាយុជីវិតមនុស្សបន្ថែមទៀត ក៏ដូចជាការបំបែកដំណើរ នៃការបំប្លែងខ្លួនថ្មីៗទៀតនៃវីរុស (COVID-19) និងជួយធានាដល់ការងើបឡើងវិញ នៃសេដ្ឋកិច្ចពិភពលោក»

គួរបញ្ជាក់ថា រហូតមកទល់ពេលនេះ ប្រទេសហ្វីលីពីនបានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេសជាង ២.៤លានករណី ក្នុងនោះមានអ្នកស្លាប់ចំនួន ៣៧,០៧៤នាក់ និងអ្នកជាសះស្បើយជាង ២.១៩លាននាក់ ខណៈវ៉ាក់សាំងសរុប ៤១.៧៩លានដូសរួចមកហើយ ត្រូវបានចាក់ជូនដល់ប្រជាជនទូទាំងប្រទេស ក្នុងនោះប្រជាជនប្រមាណ ១៨.៨លាននាក់ បានទទួលការចាក់វ៉ាក់សាំងពេញលេញ៕