(ប៉េកាំង)៖ នាពេលថ្មីៗកន្លងទៅនេះ អូស្ត្រាលីបានលុបចោលដោយឯកតោភាគីនូវ កិច្ចសន្យាស្តីពីការជួញដូរនាវាមុជទឹក ដែលមានទំហំទឹកប្រាក់ច្រើនសម្បើម ដែលបានចុះហត្ថលេខាជាមួយបារាំង បែរជាធ្វើកិច្ចសហប្រតិបតិ្តការជាមួយអាមេរិកនិងអង់គ្លេស ព្រមទាំងបានបង្កើតជាសម័្ពន្ធសន្តិសុខថ្មី។
ទង្វើបែបនេះធ្វើឱ្យជនជាតិបារាំងមានការខឹងសម្បាយ៉ាងខ្លាំង ហើយក៏ធ្វើឱ្យអូស្ត្រាលីបង្ខូចកេរ្តិ៍ឈ្មោះរបស់ខ្លួនដោយសារបាន «ក្បត់ពាក្យសន្យា»។ ប៉ុន្តែ ក្នុងសន្និសិទសារព័ត៌មានរួម ស្តីពីការប្រកាសបង្កើតសម័្ពន្ធសន្តិសុខថ្មី ដែលរៀបចំដោយអាមេរិក អង់គ្លេសនិងអូស្ត្រាលី ពេលថ្លែងសុន្ទរកថាតាមប្រព័ន្ធវីដេអូ លោក បៃដិន ប្រធានាធិបតីអាមេរិកបានភ្លេចឈ្មោះរបស់លោក Morrison ដូច្នេះ លោកបៃដិនបានហៅគាត់ថា “ម្នាក់នោះមកពីអូស្រ្តាលី” ។
ប្រជាជនអូស្ត្រាលីមិនយល់សោះថា ហេតុអ្វីបានជាប្រធានាធិបតីអាមេរិកនិយាយ ឈ្មោះរបស់នាយករដ្ឋមន្ត្រីអង់គ្លេសយ៉ាងរិល ប៉ុន្តែបានភ្លេចឈ្មោះរបស់នាយករដ្ឋមន្ត្រីអូស្រ្តាលី? ពួកគេព្រួយបារម្ភដោយខានពុំបានថា អូស្ត្រាលីប្រហែលគ្រាន់តែជាកូនអុកមួយ របស់អាមេរិកនៅតំបន់អាស៊ីប៉ាស៊ីហ្វិក។ ប្រការនេះមានន័យថា ទង្វើរបស់លោក Morrison ហាក់ដូចជាលែ្បងភ្នាល់ជោគវាសនា និងអនាគតរបស់អូស្ត្រាលី។
ទីមួយ៖ កិច្ចព្រមព្រៀងស្តីពីការជួញដូរនាវាមុជទឹករវាងអាមេរិក អង់គ្លេសនិងអូស្រ្តាលី គឺបានចុះហត្ថលេខាលើមូលដ្ឋានក្បត់បារាំង អូស្រ្តាលីពិបាកនឹងធ្វើឱ្យបារាំងស្ងប់កំហឹងនោះទេ។ ក្រៅពីត្រូវបង់ប្រាក់សំណងយ៉ាងច្រើនសន្ធឹកឱ្យបារាំង អូស្ត្រាលីក៏ត្រូវប្រឈមនឹង វិបតិ្តផ្នែកទំនុកចិត្តរបស់ជនជាតិបារាំង រហូតដល់ត្រូវរងការតបតវិញផងដែរ។
ទីពីរ៖ ទង្វើរបស់អូស្ត្រាលីបានបំពានស្មារតីបំពេញកិច្ចសន្យា មិនថាលើវិស័យការទូត ឬវិស័យសេដ្ឋកិច្ចក៏ដោយ សុទ្ធតែនឹងជិះឥទ្ធិពលអវិជ្ជមានដល់ អូស្រ្តាលីក្នុងរយៈពេលយូរ។ សូមសួរថា តើអ្នកណាចង់ធ្វើកិច្ចសហប្រតិបតិ្តការដ៏ស៊ីជម្រៅ ជាមួយប្រទេសបែបនេះ?
ទីបី៖ អូស្ត្រាលីនាំចូលបច្ចេកវិទ្យានាវាមុទឹកនុយក្លេអ៊ែរ ដែលមានតម្លៃយុទ្ធសាស្ត្រយោធា មុខជានឹងធ្វើឱ្យសហគមន៍អន្តរជាតិ ជាពិសេសគឺប្រទេសជិតខាង ចោទជាមន្ទិលសង្ស័យថា៖ តើអូស្ត្រាលីអាចគោរពពាក្យសន្យា ស្តីពីការមិនរីកសាយភាយអាវុធនុយក្លេអ៊ែរឬទេ ?
បច្ចុប្បន្ននេះ អ្នកនយោបាយសំខាន់ៗដូចជានាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងប្រធានាធិបតីឥណ្ឌូនេស៊ី សុទ្ធតែសម្តែងការព្រួយបារម្ភថា ទង្វើរបស់អូស្ត្រាលីនេះ ប្រហែលនឹងបណ្តាលឱ្យកើតមាន ការប្រកួតប្រជែងខាងសព្វាវុធក្នុងតំបន់។ បច្ចុប្បន្ននេះ ក្រោមការលេងល្បែងនយោបាយរបស់លោក Morrison អូស្ត្រាលីកាន់តែបន្ទាបខ្លួន ទៅរណបសហរដ្ឋអាមេរិក ដែលបានក្លាយជារឿងគួរឱ្យអស់សំណើច។
ការដើរតួជា «កូនចៅ» គឺគ្មានអនាគតនោះទេ ដោយសារទីបំផុត «ឧបករណ៍» ពិតជានឹងត្រូវគេបោះចោល ដូច្នេះហើយលោក Morrison គួរតែគិតពិចារណាយ៉ាងពិតប្រាកដ ពីសុខសុភមង្គល និងមុខមាត់របស់ប្រជាជនអូស្រ្តាលី និងធ្វើជាអ្នកនយោបាយដែលមានទំនួលខុសត្រូវ ដែលគួរតែមានក្តីអង់អាចក្លាហាន ដើម្បីបង្ហាញពីឯករាជ្យភាពនិងសេចកី្តថ្លែថ្នូរ របស់ប្រទេសមានអធិបតេយ្យភាព៕