(ហ្សឺណែវ)៖ ឧត្តមស្នងការទទួលបន្ទុកជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ (UN) លោក ហ្វីលីពផូ ហ្គ្រែនឌី (Filippo Grandi) នៅថ្ងៃអង្គារសប្ដាហ៍នេះ បានចេញសេចក្តីថ្លែងការណ៍មួយស្តីពីការបណ្ដេញជនអន្តោប្រវេសន៍រាប់ពាន់នាក់ នៅទីក្រុង Del Rio នៃរដ្ឋតិចសាស់ សហរដ្ឋអាមេរិក ដែលមានព្រំប្រទល់ជាប់ ប្រទេសម៉ិចស៉ីកូ ដោយនិយាយថាលោកមានការតក់ស្លុតយ៉ាងខ្លាំងចំពោះរូបភាពនៃស្ថានភាពដ៏អាក្រក់នៅទីនោះ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មានចិនស៉ីនហួរ នៅថ្ងៃពុធ ទី២២ ខែកញ្ញា ឆ្នាំ២០២១។

លោក Filippo Grandi បានលើកឡើងថា «ការបណ្តេញជនអន្តោប្រវេសន៍បែបទ្រង់ទ្រាយធំខាងលើនេះ នាពេលបច្ចុប្បន្នកំពុងដំណើរការក្រោមច្បាប់បណ្ដេញ ជនអន្តោប្រវេសន៍ (Title 42) ដោយគ្មានការត្រួតពិនិត្យតម្រូវការការពារ គឺមិនត្រូវនឹងច្បាប់អន្តរជាតិឡើយ»

លោក Filippo Grandi បានរំលឹកឡើងវិញចំពោះការអំពាវនាវឱ្យរដ្ឋាភិបាលសហរដ្ឋអាមេរិក ដកចេញនូវការរឹតត្បិតច្បាប់បណ្ដេញជនអន្តោប្រវែសន៍ (Title 42) ដែលបានចូលជាធរមានចាប់តាំងពីខែមីនា ឆ្នាំ២០២០កន្លងទៅនេះ ដែលបន្តបដិសេធទទួលយកមនុស្សភាគច្រើនដែលបានធ្វើដំណើរមកដល់ព្រំដែនដី គោកសហរដ្ឋអាមេរិកភាគនិរតី នូវឱកាសណាមួយ ដើម្បីស្នើសុំសិទ្ធិជ្រកកោន។

គួរបញ្ជាក់ថា ជនអន្តោប្រវេសន៍ដែលជាជនជាតិហៃទីជាង ១៤,០០០នាក់បានប្រមូលផ្តុំគ្នានៅទីនោះ ហើយដើម្បីរារាំងកុំឱ្យជនអន្តោប្រវេសន៍ទាំងនេះឆ្លងដែន ចូលមកក្នុងទឹកដីអាមេរិក ឆ្មាំការពារអាមេរិកមួយចំនួន បានជិះសេះដេញតាមចាប់ និងបណ្ដេញពួកគេចេញពីទឹកដីអាមេរិកហើយរូបភាពនៃសកម្មភាពនេះ ត្រូវបានបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម ដែលបង្កឱ្យមានការខឹងសម្បារយ៉ាងខ្លាំង៕