(ញូយ៉ក)៖ រដ្ឋមន្ត្រីការបរទេសតាលីបង់ លោក អាមៀ ខាន់ មុតតាគី (Amir khan Muttaqi) បានស្នើសុំថ្លែងសុន្ទរកថានៅឯកិច្ចប្រជុំប្រចាំឆ្នាំនៃមហាសនិ្នបាត អង្គការសហប្រជាជាតិ ដែលកំពុងប្រព្រឹត្តទៅក្នុងទីក្រុងញូយ៉ក សហរដ្ឋអាមេរិក។ នេះបើតាមអ្នកនាំពាក្យ UN ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២២ ខែកញ្ញា ឆ្នាំ២០២១។

បើតាមអ្នកនាំពាក្យ UN លោក Stephane Dujarric អគ្គរដ្ឋទូតនៃរដ្ឋាភិបាលអាហ្វហ្កានីស្ថានមុន ដែលត្រូវបានក្រុមតាលីបង់បណ្ដេញចេញពីតំណែង កាលពីខែសីហាកន្លងទៅ ក៏បានស្នើសុំឡើងថ្លែងសុន្ទរកថាផងដែរ ខណៈអង្គការសហប្រជាជាតិ (UN) នៅមិនទាន់សម្រេចចិត្តថាតើនរណាត្រូវតំណាងឱ្យ អាហ្វហ្កានីស្ថាននៅឡើយទេ ហើយនេះគឺជាកិច្ចការរបស់គណៈកម្មាធិ UN ដែលនឹងសម្រេចចិត្តលើសំណើទាំង២នេះ។

លោក Stephane Dujarric បានឱ្យដឹងទៀតថាអគ្គលេខាធិការ UN លោក Antonio Guterres បានទទួលលិខិតមួយច្បាប់ពីរដ្ឋមន្ត្រីការបរទេសអាហ្វហ្កានីស្ថានដឹកនាំដោយរដ្ឋាភិបាលតាលីបង់ លោក Amir Khan Muttaqi ដែលស្នើសុំចូលរួម និងថ្លែងសុន្ទករថាទៅកាន់មេដឹកនាំពិភពលោកនៅឯមហាសន្និបាត UN។

គួរបញ្ជាក់ថា លិខិតខាងលើនេះចុះកាលពីថ្ងៃចន្ទ ទី២០ ខែកញ្ញានេះ និងមានបញ្ជាក់ពីការតែងតាំងអ្នកនាំពាក្យតាលីបង់ប្រចាំទីក្រុងដូហា លោក ស៊ូហៃ សាហ៊ីន (Suhail Shaheen) ជាតំណាងអចិន្ត្រៃយ៍អាហ្វហ្កានីស្ថានថ្មីប្រចាំ UN។ ប៉ុន្តែ លិខិតនេះដដែលមិនបានលម្អិតថាតើលោក Amir Khan Muttaqi ចង់ធ្វើដំណើរទៅកាន់ទីក្រុងញូយ៉កផ្ទាល់ ឬផ្ញើវីដេអូសុន្ទករថាចូលរួម ឬក៏យ៉ាងណានោះទេ៕