(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានស្វាគមន៍នាយករដ្ឋមន្ត្រីអង់គ្លេស លោក បូរីស ចនសុន មកកាន់សេតវិមានក្នុងរដ្ឋធានីវ៉ាស៊ីនតោន។ មេដឹកនាំកំពូលទាំងពីរបានបើកកិច្ចសន្ទនា ក្នុងបន្ទប់ អូវ៉ល (Oval Office) ប្រកបដោយភាពស្អិតល្មួត និងបានលើកឡើងពីបញ្ហាបម្រែបម្រួលអាកាសធាតុ ព្រមទាំងភាពសប្បាយរីករាយក្នុងការជិះរថភ្លើងផងដែរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាព្រឹកថ្ងៃពុធ ទី២២ ខែកញ្ញា ឆ្នាំ២០២១។

ភាពរីករាយបានកើតមានឡើងចំពោះលោក បូរីស ចនសុន នៅពេលជិះរថភ្លើង អាំត្រាក់ (Amtrak) ពីបុរីញូយ៉ក មកកាន់រដ្ឋធានីវ៉ាស៊ីនតោនឌីស៊ី ដើម្បីជួបលោក ចូ បៃដិន ក្រោយពីលោកបានចូលរួម កិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិ។ លោក ចនសុន បានប្រាប់លោក បៃដិន ថា «ពួកគេស្រឡាញ់អ្នក»។ ពាក្យនេះទំនងជាចង់សំដៅ ទៅលើបុគ្គលិកបម្រើការងារ នៅលើខ្សែរថភ្លើង Amtrak ដែលបានបើកដំណើរការយ៉ាងរលូន អស់កាលជាង ៣០ឆ្នាំមកហើយ។

នាយករដ្ឋមន្ត្រីអង់គ្លេសរូបនេះ ធ្លាប់បានបង្ហាញក្តីព្រួយបារម្ភរួចមកហើយ ចំពោះទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក ក្រោយពីលោក ចូ បៃដិន ចូលកាន់កាប់សេតវិមាន។ ប៉ុន្តែពេលនេះអ្វីៗបានបង្ហាញចេញយ៉ាងច្បាស់ នោះគឺសម្ពន្ធមិត្តទាំងពីរ កាន់តែមានទំនាក់ទំនងល្អប្រសើរ ឆ្ងាយជាងកាលពីជំនាន់ លោក ដូណាល់ ត្រាំ កាន់់កាប់សេតវិមាន ហើយក៏ទើបសម្រេចបាននូវ កិច្ចព្រមព្រៀងសន្តិសុខរួមគ្នាផងដែរ។

នៅក្នុងកិច្ចសន្ទនានៅថ្ងៃអង្គារ (ពេលវេលានៅវ៉ាស៊ីនតោន) លោក ចូ បៃដិន បានប្រាប់លោក បូរីស ចនសុន ថា លោកទន្ទឹងរង់ចាំក្នុងការធ្វើដំណើរ ទៅកាន់ចក្រភពអង់គ្លេស ដើម្បីចូលរួមក្នុងសន្និសីទស្តីពីការប្រែប្រួលអាកាសធាតុ របស់អង្គការសហប្រជាជាតិ (UN) ដែលនឹងត្រូវធ្វើឡើងនៅជិតចុងឆ្នាំនេះ។ លោក ចនសុន បានឆ្លើយតបវិញភ្លាមៗថា «យើងត្រូវការអ្នក (បៃដិន)»។

គួរបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំ នៃមហាសន្និបាតអង្គការសហប្រជាជាតិ លោក ចូ បៃដិន បានប្តេជ្ញាថានឹងបរិច្ចាគថវិកា ១១.៤ពាន់លានដុល្លារនៅក្នុងមួយឆ្នាំ រហូតដល់ឆ្នាំ២០២៤ ដើម្បីគាំទ្រប្រទេសកំពុងអភិវឌ្ឍ និងងាយរងគ្រោះ ទប់ទល់បញ្ហាបម្រែបម្រួលធាតុអាកាស។ ការប្រកាសបរិច្ចាគថវិកានេះបានកើតមានឡើង នៅមុនសន្និបាតស្តីពីបញ្ហាបម្រែបម្រួលអាកាសធាតុ COP26 ដែលនឹងប្រព្រឹត្តទៅនៅទីក្រុង ហ្គ្លាសហ្គោវ (Glasgow) ប្រទេសស្កុតលែន ចាប់ពីថ្ងៃទី ៣១ ខែតុលា ដល់ថ្ងៃទី ១២ ខែវិច្ឆិកាខាងមុខនេះ៕