(មែលប៊ន)៖ រដ្ឋវិចតូរៀ (Victoria) នៃប្រទេសអូស្រ្តាលីនៅព្រឹកថ្ងៃពុធ ទី២២ ខែកញ្ញា ឆ្នាំ២០២១នេះ បានរាយការណ៍ពីការកើនឡើងករណីឆ្លងជំងឺ COVID-19 ថ្មីៗបន្ថែមទៀត ខណៈទីក្រុងមែលប៊ន (Melbourne) ដែលជារដ្ឋធានីរបស់រដ្ឋភាគអាគ្នេយ៍មួយនេះ បានត្រៀមខ្លួនទប់ទល់នឹងការធ្វើបាតុកម្មតវ៉ា ប្រឆាំងនឹងវិធានការរឹតត្បិតដ៏តឹងរ៉ឹង ដែលបានផ្ទុះឡើងរយៈពេល ០៣ថ្ងៃជាប់ៗគ្នាហើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP។

មនុស្សរាប់ពាន់នាក់បានប្រមូលផ្ដុំគ្នា ធ្វើបាតុកម្មតវ៉ានៅទីក្រុង Melbourne ដែលត្រូវបានបិទខ្ទប់កាលពីថ្ងៃអង្គារម្សិលមិញនេះ ដោយបានបំផ្លិចបំផ្លាញទ្រព្យសម្បត្តិមួយចំនួន ដងផ្លូវមានការកកស្ទះ និងបានបង្កឱ្យមន្ត្រីប៉ូលីសចំនួន ០៣នាក់រងរបួសទៀតផង បន្ទាប់ពីអាជ្ញាធរបានសម្រេចបិទការដ្ឋានសំណង់ រយៈពេល ០២សប្តាហ៍ ហើយមនុស្សជាង ៦០នាក់ត្រូវបានចាប់ខ្លួន។

អភិបាលរដ្ឋ Victoria លោក ដានីញែល អាន់ឌ្រូ (Daniel Andrews) បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ នាទីក្រុង Melbourne ថា «ឈុតឆាកដ៏អាក្រក់ៗដែលយើងបានឃើញកាលពីម្សិលមិញនេះ មិនត្រឹមតែគួរឱ្យរន្ធត់នោះទេ ប៉ុន្តែវាគឺខុសច្បាប់ទៀតផង»

ជុំវិញបញ្ហានេះ ស្នងការប៉ូលិសរដ្ឋ Victoria លោក សាន ផាតថុន (Shane Patton) បានព្រមានក្រុមអ្នកតវ៉ា ឱ្យនៅឱ្យឆ្ងាយពីទីក្រុង Melbourne ជាកន្លែងដែលលោកគ្រោងនឹងដាក់ពង្រាយមន្រ្តីប៉ូលិស បន្ថែមទៀតនៅថ្ងៃពុធនេះ។ លោក Shane Patton បានព្រមានយ៉ាងដូច្នេះថា «អ្នកនឹងមិនត្រូវបានស្វាគមន៍ដោយកក់ក្ដៅនោះទេ... ខ្ញុំអាចធានាចំពោះអ្នកថា... ការតវ៉ាទាំងនេះ មិនអាចត្រូវអនុញ្ញាតឱ្យកើតមានឡើងម្តងទៀតបានទេ»

គួរបញ្ជាក់ថា រដ្ឋ Victoria នៅថ្ងៃពុធនេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ៦២៨ករណីបន្ថែមទៀត ដែលបានកើនឡើងពី ៦០៣ករណីកាលពីមួយថ្ងៃមុន ដែលនាំឱ្យករណីឆ្លងសរុបនៅទូទាំងប្រទេសអូស្ត្រាលី កើនឡើងដល់ ៨៩,៣០០ករណី ក្នុងនោះមានអ្នកស្លាប់ចំនួន ១,១៨១នាក់៕