(តូក្យូ)៖ រដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ប្រទេសជប៉ុន លោក តារ៉ូ កូណុ (Taro Kono) បាននិយាយនៅថ្ងៃអង្គារ ទី២១ ខែកញ្ញា ឆ្នាំ២០២១នេះថាជប៉ុននឹងចាប់ផ្ដើមផ្ដល់ការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ដូសទី៣ ឬដូសជំរុញជូនដល់ក្រុមមនុស្សចាស់ នៅដើមឆ្នាំ២០២២ខាងមុខនេះ ខណៈកំពុង ព្យាយាមដោះស្រាយឱ្យបានល្អប្រសើរបំផុតជាមួយនឹងការឆ្លងរីករាលដាលនៃជំងឺដ៏កាចសាហាវនេះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានចិនស៉ីនហួរ។

ក្រសួងសុខាភិបាលជប៉ុន កាលពីសប្តាហ៍មុន បានសម្រេចចិត្តផ្តល់ការចាក់វ៉ាក់សាំងដូសទី៣ ជូនដល់អ្នកដែលបានទទួលការចាក់វ៉ាក់សាំងដូសទី២ រួចរាល់ចាប់ពី ០៨ខែ ឡើងទៅ ក្រោយការស្រាវជ្រាវបានរកឃើញថា អង្គបដិប្រាណប្រឆាំងនឹងជំងឺដ៏កាចសាហាវនេះ អាចថយចុះបន្តិចម្ដងៗទៅតាមពេលវេលា។

ការចាក់វ៉ាក់សាំងដូសទី៣ ជូនដល់ក្រុមមនុស្សចាស់ដែលមានអាយុចាប់ពី ៦៥ឆ្នាំឡើងទៅ នឹងចាប់ផ្ដើមនៅខែកុម្ភៈ ឆ្នាំ២០២២ខាងមុខនេះបន្ទាប់ពីបញ្ចប់ការចាក់ជូនដល់ បុគ្គលិកសុខាភិបាល ក្រោយមកនឹងបន្តចាក់ជូនដល់ក្រុមអ្នកដែលមានជំងឺប្រចាំកាយ ដូចជាជំងឺទឹកនោមផ្អែមជាដើម និងរហូតដល់ប្រជាជនទូទៅ។ ដូច្នេះ បុគ្គលិកសុខាភិបាល ត្រូវបានគេរំពឹងថា នឹងទទួលបានការចាក់វ៉ាក់សាំងដូសទី៣ ក្នុងកំឡុងឆ្នាំ២០២១នេះ។

លោក Taro Kono ក៏បានស្នើឱ្យរដ្ឋាភិបាលក្នុងតំបន់ ចាប់ផ្តើមរៀបចំដើម្បីធ្វើឱ្យប្រាកដថា ការចាក់វ៉ាក់សាំងដូសទី៣ នឹងផ្តល់ជូនដល់ក្រុមមនុស្សចាស់ទៅ ដោយរលូនផងដែរ។

គួរបញ្ជាក់ថា បើតាមគេហទំព័រ Worldometers រហូតមកទល់ពេលនេះ ប្រទេសជប៉ុន បានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេសជាង ១.៦៧លាននាក់ ក្នុងនោះមានអ្នកស្លាប់ជាង ១៧,២៣៣នាក់ និងអ្នកជាសះស្បើយជាង ១.៥៩លាននាក់៕