(ម៉ានីល)៖ ប្រទេសហ្វីលីពីនបានប្រកាសពីជំហរគាំទ្រ កិច្ចព្រមព្រៀងសន្តិសុខត្រីភាគី «AUKUS» រវាងសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងប្រទេសអូស្ត្រាលី ជាពិសេសគឺការផ្តល់បច្ចេកវិទ្យាផលិត នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ ទៅដល់ប្រទេសអូស្ត្រាលីនោះតែម្តង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នារសៀលថ្ងៃអង្គារ ទី២១ ខែកញ្ញា ឆ្នាំ២០២១។

កិច្ចព្រមព្រៀងសន្តិសុខត្រីភាគី AUKUS (A-UK-US) និងការសន្យាជួយអូស្ត្រាលី ក្នុងការផលិតនាវាមុជទឹក-នុយក្លេអ៊ែរ បាននិងកំពុងបង្កឲ្យមានភាពចម្រូងចម្រាស និងថ្កោលទោសជាខ្លាំង មិនមែនពីសំណាក់តែមហាយក្សចិនមួយប៉ុណ្ណោះទេ ប៉ុន្តែក្រុមសម្ពន្ធមិត្តកាត់ទឹកមិនដាច់របស់អាមេរិក នៅសហភាពអឺរ៉ុប ក៏កំពុងបង្ហាញការជំទាស់ផងដែរ ខណៈប្រទេសបារាំង គឺជាត្រូវបានចាត់ទុកថា ជាអ្នកខាតបង់ធំជាងគេបំផុតក្នុងរឿងនេះ។

ផ្ទុយពីប្រទេសឥណ្ឌូណេស៊ី និងម៉ាឡេស៊ី ដែលកាលពីសប្តាហ៍មុនបានចេញមុខ «ក្រើនរំលឹកអូស្ត្រាលី» អំពីភាពទទួលខុសត្រូវចំពោះមុខសន្តិសុខ ក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក និងខ្លាចតំបន់អាស៊ីអាគ្នេយ៍ជួបអស្ថិរភាព ដោយសារការប្រជែងគ្នាផលិត នាវាមុជទឹក-នុយក្លេអ៊ែរនោះ ប្រទេសហ្វីលីពីនឯណេះវិញ បានប្រកាសពីជំហរគាំទ្រចំពោះអ្វីដែលអាមេរិក អង់គ្លេស និងអូស្ត្រាលីបានសម្រេចចេញ។

រដ្ឋមន្ត្រីក្រសួងការបរទេសហ្វីលីពីន លោក ធីអូដូរ៉ូ ឡក់ស៊ីន (Teodoro Locsin) បានថ្លែងនៅថ្ងៃអង្គារនេះថា «ការជួយសម្ព័ន្ធមិត្តជិតស្និទ្ធរបស់ពួកគេ (អូស្ត្រាលី) ដែលស្ថិតនៅក្បែរយើង ដើម្បីបង្កើនសមត្ថភាពរបស់ខ្លួននោះ គួរតែអាចស្តារ និងរក្សាតុល្យភាពឡើងវិញ ជាជាងធ្វើឱ្យមានអស្ថិរភាព»។ លោក Locsin បានពន្យល់ថា នៅក្នុងករណីដែលគ្មានវត្តមានអាវុធនុយក្លេអ៊ែរនៅទីនេះ, ការអនុវត្តកិច្ចព្រមព្រៀង AUKUS នឹងមិនរំលោភចំពោះសន្ធិសញ្ញាឆ្នាំ ១៩៩៥ ដែលចែងអំពីការរក្សាតំបន់អាស៊ីអាគ្នេយ៍ មិនឲ្យមានអាវុធនុយក្លេអ៊ែរនោះឡើយ។

គួរបញ្ជាក់ថា គេនៅមិនទាន់ឃើញសហរដ្ឋអាមេរិក ឬសូម្បីតែអង់គ្លេស និងអូស្ត្រាលី អាចធ្វើការដោះស្រាយបញ្ហា ដ៏ចម្រូងចម្រាស់នេះនៅឡើយទេ ព្រោះការពិតជាក់ស្តែងនៅពេលនេះ គឺសម្ពន្ធមិត្តលោកលិចរបស់អាមេរិក កំពុងតែបង្ហាញសញ្ញាប្រេះស្រាំហើយ។ សហភាពអឺរ៉ុបនៅថ្ងៃចន្ទសប្តាហ៍នេះ បានប្រកាសរួចហើយ អំពីជំហរគាំទ្រប្រទេសបារាំងនៅក្នុងបញ្ហានេះ ខណៈប្រទេសចិនវិញ ក្រៅពីការប្រកាសថ្កោលទោស និងរិះគន់ធ្ងន់ៗជាបន្តបន្ទាប់នោះ ទីក្រុងប៉េកាំងក៏មិនទាន់បញ្ចេញចំណាត់ការអ្វីជាក់ស្តែង ជាការឆ្លើយតបនោះដែរ៕