(ប៉េកាំង)៖ នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ ក្នុងឱកាសខួបទី២០ នៃការបង្កើតអង្គការសហប្រតិបត្តិការសៀងហៃ វេទិកាផ្លាស់ប្តូរព័ត៌មានរវាងប្រព័ន្ធសារព័ត៌មានចិន និងអង្គការសហប្រតិបត្តិការសៀងហៃ ដែលផ្តួចផ្តើមគំនិតដោយបណ្តាញទូរទស្សន៍ CGTN នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន ត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការ។

លោក Shen Haixiong អគ្គនាយកនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន, លោក Imamovich Norov អគ្គលេខាធិការអង្គការសហប្រតិបត្តិការសៀងហៃ ព្រមទាំងអ្នកទទួលខុសត្រូវនៃប្រព័ន្ធសារព័ត៌មានសំខាន់ៗ ដែលមកពីរដ្ឋសមាជិកនៃអង្គការសហប្រតិបត្តិការសៀងហៃដូចជា រុស្ស៊ី កាហ្សាក់ស្ថាន កៀហ្ស៊ីស៊ីស្ថាន ប៉ាគីស្ថាន និងឥណ្ឌាជាដើម បានអញ្ជើញចូលរួមពិធីដាក់ឱ្យប្រើប្រាស់តាមអនឡាញ និងថ្លែងសុន្ទរកថាតាមប្រព័ន្ធវីដេអូ។

លោក Shen Haixiong បានថ្លែងថា ចាប់តាំងពីផ្ទុះរាលដាលជំងឺកូវីដ១៩មក ប្រព័ន្ធសារព័ត៌មានរបស់ប្រទេសនានា នៃអង្គការសហប្រតិបត្តិការសៀងហៃ ត្រូវការការបង្កើនកិច្ចផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការជាងពេលណាៗទាំងអស់ កាលពីមុន គួរតែប្រកាន់ខ្ជាប់ក្រមសីលធម៌និងទំនួលខុសត្រូវសង្គម ផ្សព្វផ្សាយការពិតនិងត្រឹមត្រូវជូនប្រជាជន ព្រមទាំងប្រឆាំងនឹងពាក្យចចាមអារ៉ាម និងការរើសអើង ។

លោក Imamovich Norov បានវាយតម្លៃខ្ពស់ចំពោះអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន ដែលផ្តួចផ្តើមគំនិតស្តីពីការបង្កើតវេទិកាផ្លាស់ប្តូរព័ត៌មាន រវាងប្រព័ន្ធសារព័ត៌មានចិននិងអង្គការសហប្រតិបត្តិការសៀងហៃ។ លោកបានបង្ហាញថា ការនេះនឹងបង្កើតជាយន្តការដ៏មានសារសំខាន់ និងចាំបាច់មួយក្នុងការធ្វើកិច្ចសហប្រតិបត្តិការ និងផ្លាស់ប្តូរព័ត៌មានរវាងរដ្ឋសមាជិក ប្រទេសអ្នកសង្កេតការណ៍ព្រមនិងដៃគូសន្ទនារបស់អង្គការសហប្រតិបត្តិការសៀងហៃ។