(ប៉ារីស)៖ បារាំងបានចោទប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ថា លួចចាក់ទីក្រុងប៉ារីសពីក្រោយខ្នង និងធ្វើទង្វើដូចអតីតប្រធានាធិបតី លោក ដូណាល់ ត្រាំ យ៉ាងដូច្នោះ ខណៈបារាំងនឹងត្រូវបាត់បង់កិច្ចព្រមព្រៀង មានតម្លៃរាប់សិបពាន់លានដុល្លារ បន្ទាប់ពីទីក្រុងវ៉ាស៉ីនតោន បានប្រកាសផ្តល់បរិច្ចេកវិទ្យា ហើយជួយអូស្រ្តាលីផលិតនាវាមុជទឹក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី១៦ ខែកញ្ញា ឆ្នាំ២០២១។

សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងអូស្រ្តាលី ទើបតែបានប្រកាសថា ពួកគេនឹងបង្កើតភាពជាដៃគូផ្នែកសន្តិសុខមួយ សម្រាប់តំបន់ឥណ្ឌូ-ប៉ាស៉ីហ្វិក ដែលនឹងជួយឲ្យទីក្រុងកង់បេរ៉ា ទទួលបាននាវាមុជទឹកដើរដោយថាមពេលនុយក្លេអ៊ែរ ដែលប្រើបច្ចេកវិទ្យាអាមេរិក ហើយកិច្ចព្រមព្រៀងនាវាមុជទឹកតម្លៃ ៤០ពាន់លានដុល្លារអាមេរិក រវាងអូស្រ្តាលី និងបារាំង នោះនឹងត្រូវលុបចោលវិញ។

រដ្ឋមន្រ្តីការបរទេសបារាំង លោក ហ្សង់ អ៊ីវ ឡឺ ទ្រីយ៉ុង (Jean-Yves Le Drian) បានថ្លែងយ៉ាងដូច្នេះថា «នេះគឺជាការសម្រេចចិត្តដ៏ឃោរឃៅរមួយ ហើយមានលក្ខណៈបែបឯកតោភាគី និងពិបាកស្មាន ដែលធ្វើឲ្យខ្ញុំនឹកឃើញដល់អ្វីដែលលោក ដូណាល់ ត្រាំ ធ្លាប់បានធ្វើ។ វាគឺជាការក្បត់ទំនុកចិត្ត និងធ្វើឲ្យខ្ញុំខឹងសម្បារជាខ្លាំង»។
ដោយប្រហែលជាបានរំពឹងទុកមុនរួចទៅហើយ ថានឹងមានប្រតិកម្មធ្ងន់ៗពីបារាំងដូចខាងលើនេះ លោក ចូ បៃដិន បានថ្លែងបែបរំងាប់កំហឹងបែបនេះវិញថា «បារាំងនៅតែជាដៃគូសំខាន់មួយ ក្នុងតំបន់ឥណ្ឌូ-ប៉ាស៉ីហ្វិក»

គួរបញ្ជាក់ថា កាលពីឆ្នាំ២០១៦ អូស្រ្តាលីបានជ្រើសរើសក្រុមហ៊ុនផលិតកប៉ាល់របស់បារាំង ណាវ៉ាល់ គ្រុប (Naval Group) ឲ្យផលិតក្រុមនាវាមុជទឹកក្នុងតម្លៃ ៤០ពាន់លានដុល្លារអាមេរិក ដើម្បីជំនួសក្រុមនាវាមុជទឹក ខូលលីនស៍ (Collins) របស់អូស្រ្តាលី ដែលមានចំណាស់ជាង ២ទសវត្សរ៍មកហើយ៕