(សាណា)៖ ប្រភពពីយោធាបានឲ្យដឹង នៅថ្ងៃព្រហស្បតិ៍នេះថា មនុស្សសរុបយ៉ាងហោច៥០នាក់ បានបាត់បង់ជីវិត ក្នុងនោះមានទាំងសមាជិកក្រុមឧទ្ទាម និងក្រុមកងកម្លាំងគាំទ្ររដ្ឋាភិបាល ក្នុងការប្រយុទ្ធគ្នានៅខេត្តអាល់បេដា (Al-Bayda) ភាគកណ្តាលប្រទេសយេម៉ែន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១៦ ខែកញ្ញា ឆ្នាំ២០២១។

មន្រ្តីយោធាម្នាក់របស់រដ្ឋាភិបាលយេម៉ែន បាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះយ៉ាងដូច្នេះថា «កងកម្លាំងគាំទ្ររដ្ឋាភិបាលចំនួន ២០នាក់ បានស្លាប់ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ ក្នុងការប្រយុទ្ធតទល់គ្នា ជាមួយក្រុមឧទ្ទាមនៅខេត្ត អាល់បេដា។ រីឯសមាជិករបស់ក្រុមឧទ្ទាមហ៊ូទី (Houthi) ចំនួន៣០នាក់ ក៏បានស្លាប់ផងដែរ ទាំងក្នុងការប្រយុទ្ធគ្នានៅលើផ្ទៃផ្ទាល់ និងដោយសារការវាយប្រហារតាមផ្លូវអាកាស»

ប៉ុន្មានសប្តាហ៍កន្លងទៅនេះ ក្រុមឧទ្ទាមហ៊ូទី ត្រូវគេមើលឃើញថា បានដណ្តើមយកទីតាំងមួយចំនួន នៅក្នុងខេត្ត អាល់បេដា ស្របពេលដែលពួកគេកំពុងបន្តព្យាយាមប្រយុទ្ធ ដើម្បីគ្រប់គ្រងទីក្រុងម៉ារីប (Marib) ដែលជាទីតាំងយុទ្ធសាស្រ្តសំខាន់មួយ នៅឯភាគខាងជើង។ ក្រុមហ៊ូទីមានក្តីរំពឹងថា បើគ្រប់គ្រងបានខេត្ត អាល់បេដា វានឹងជួយពង្រឹងគោលជំហរពួកគេ ក្នុងដំណើរការចរចាសន្តិភាព។

គួរបញ្ជាក់ថា សង្រ្គាមរ៉ាំរ៉ៃនៅយេម៉ែន បានផ្ទុះឡើងកាលពីឆ្នាំ២០១៤ នៅពេលក្រុមហ៊ូទី បានចូលគ្រប់គ្រងរដ្ឋធានីសាណា (Sanaa) ហើយ ក្រុមយោធាចម្រុះអារ៉ាប់ ដែលដឹកនាំដោយអារ៉ាប៊ីសាអូឌីត បានចូលធ្វើអន្តរាគមន៍ ដើម្បីស្តាររដ្ឋាភិបាលចាស់ឡើងវិញ នៅឆ្នាំ២០១៥៕