(ឆឹងទូ)៖ គិតត្រឹមម៉ោង ០៥៖០០នាទីព្រឹកថ្ងៃព្រហស្បតិ៍នេះ មនុស្ស ០២នាក់បានស្លាប់ និង ០៣នាក់ផ្សេងទៀតបានរងរបួស បន្ទាប់ពីគ្រោះរញ្ជួយដីកម្រិត ៦.០រ៉ិចទ័របានវាយប្រហារសង្កាត់ លូសៀន (Luxian) នៃទីក្រុង លូចូវ (Luzhou) ខេត្តស៊ីឈាន់ (Sichuan) ភាគនិរតីប្រទេសចិន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៉ីនហួរ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៦ ខែកញ្ញា ឆ្នាំ២០២១។

អាជ្ញាធរក្នុងតំបន់ បាននិយាយថា អ្នកស្លាប់ និងរងរបួសត្រូវបានរាយការណ៍នៅភូមិ កាវប៉ាវ (Caoba) ឃុំ ហ្វូជី (Fuji) នៃសង្កាត់ Luxian របស់ទីក្រុង Luzhou ក្នុងខេត្ត Sichuan ភាគនិរតីប្រទេសចិន។ បើតាមមជ្ឈមណ្ឌលតាមដានគ្រោះរញ្ជួយដីចិន គ្រោះរញ្ជួយដីខាងលើនេះ បានកើតឡើងនៅវេលាម៉ោង ០៤៖៣៣នាទីព្រឹក នៅជម្រៅ ១០គីឡូម៉ែត្រពីក្រោមដី ដែលបានបណ្តាលឱ្យមាន ការដួលរលំផ្ទះសម្បែងមួយចំនួនផងដែរ។

ដោយមានការយល់ព្រមពីអភិបាលខេត្ត ទីស្នាក់ការកណ្តាលផ្នែកជួយសង្គ្រោះ នៅខេត្ត Sichuan បានដាក់ចេញនូវការឆ្លើយតបកម្រិត «២» ដែលជាកម្រិតខ្ពស់បំផុតលំដាប់ទី ២ នៅក្នុងប្រព័ន្ធឆ្លើយតបគ្រោះរញ្ជួយដី ដែលមាន ៤កម្រិតរបស់ប្រទេសចិន ហើយមកទល់ពេលនេះ ពួកគេកំពុងបន្តប្រតិបត្តិការ ជួយសង្គ្រោះពលរដ្ឋនៅឡើយ៕