(វ៉ាស៉ីនតោន)៖ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុប ១៦៤,៥០៩នាក់ទៀតបានឆ្លងជំងឺ COVID-19 ខណៈអ្នកជំងឺ ២,២៨២នាក់បានស្លាប់នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។ នេះបើតាមការដកស្រង់ទិន្នន័យ ចេញពីគេហទំព័រ Worldometers នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៦ ខែកញ្ញា ឆ្នាំ២០២១។

ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ៤២,៤៧៩,៧៨០ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៦៨៥,០២៣នាក់ និងជាសះស្បើយឡើងសរុប ៣២.២៧លាននាក់។ សម្រាប់ចំនួនប្រជាជនសរុប ដែលកំពុងរស់នៅលើទឹកដីសហរដ្ឋអាមេរិកគឺជាង ៣៣២លាននាក់។

នៅក្នុងសប្តាហ៍នេះដែរ សហរដ្ឋអាមេរិកបានរាយការណ៍ អំពីកំណើនយ៉ាងគំហុកនៃករណីឆ្លង COVID-19 និងអត្រាអ្នកចូលសម្រាកក្នុងមន្ទីរពេទ្យនានា ទូទាំងប្រទេសតែម្តង។ របាយការណ៍ដោយអាជ្ញាធរសុខាភិបាល កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះបានឲ្យដឹងថា មណ្ឌលថែទាំសុខភាពនៅទូទាំងសហរដ្ឋអាមេរិក ភាគច្រើនបំផុតគឺពេញដោយអ្នកជំងឺចាប់ពី ៩០% រហូតដល់ ៩៥% ឯណោះ។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ សហរដ្ឋអាមេរិកបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សរុបចំនួន ៣៨១លានដូស ក្នុងនោះប្រជាជន ២០៩.៩៨លាននាក់ (៦៤% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់យ៉ាងហោចណាស់ ១ដូស និង ១៧៩.២៩លាននាក់ (៥៤.៦%) បានទទួលការចាក់គ្រប់ដូស៕