(កាប៊ុល, អាហ្វហ្កានីស្ថាន)៖ តើរដ្ឋបាលលោកប្រធានាធិបតីអាមេរិក ចូ បៃដិន បានសម្លាប់ជនស៊ីវិលស្លូតត្រង់ដោយច្រឡំថាជាពួក ISIS មែនដែរឬទេ? នេះគឺជាសំណួរ ដែលកំពុងត្រូវបានចោទសួរនៅលើក្របទំព័រមុខនៃសារព័ត៌មានធំៗ នៅក្នុងសហរដ្ឋអាមេរិក។ កាលពីថ្ងៃទី២៩ ខែសីហាកន្លងទៅ យន្ដហោះដ្រូនអាមេរិកបានបាញ់ មីស៊ីលកម្ទេចរថយន្ដមួយគ្រឿងរបស់បុរសម្នាក់ឈ្មោះ ហ្សាំម៉ារ៉ៃ អះម៉ាត់ឌី (Zamarai Ahmadi) ដែលត្រូវបានយោធាអាមេរិកចោទថាជាសមាជិក ISIS-K ខណៈ សារព័ត៌មានអាមេរិកដូចជា New York Times និង Washington Post រាយការណ៍ថាលោកគឺជាបុគ្គលិកអង្គការមនុស្សធម៌ម្នាក់។

ការវាយប្រហាររបស់យន្ដហោះដ្រូនអាមេរិកបានផ្ដាច់ជីវិតលោក Zamarai Ahmadi រួមទាំងសមាជិកគ្រួសាររបស់លោក ៩នាក់ផ្សេងទៀត ក្នុងនោះមានទាំងក្មេង ៧នាក់ ដែលមានអាយុពី ៣ឆ្នាំ ដល់១៦ឆ្នាំ។ ការវាយប្រហារនេះកើតមានឡើង បន្ទាប់ពីទាហានអាមេរិក ១៣នាក់ និងជនស៊ីវិលអាហ្វហ្កានីស្ថានយ៉ាងហោច ១៧០នាក់ ត្រូវបាន សម្លាប់នៅក្នុងការវាយប្រហារបំផ្ទុះគ្រាប់បែកអត្តឃាតរបស់ពួក ISIS-K នៅឯអាកាសយានដ្ឋានក្នុងរដ្ឋធានីកាប៊ុល ប្រទេសអាហ្វហ្កានីស្ថាន កាលពីថ្ងៃទី២៦ ខែសីហា។

ក្រោយការវាយប្រហារបំផ្ទុះគ្រាប់បែកអត្តឃាតដ៏ប្រល័យនេះ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិនបានព្រមានសងសឹកភ្លាមៗចំពោះពួក ISIS។ «យើងនឹងមិនអត់ឱន ឱ្យជាដាច់ខាត។ យើងនឹងតាមប្រមាញ់ពួកអ្នកឯង...យើងនឹងបើកការវាយប្រហារដោយកំណត់ទីកន្លែង និងពេលវេលាដែលយើងជ្រើសរើស»។ នេះជាការព្រមានរបស់ លោក ចូ បៃដិន។ រហូតដល់ថ្ងៃទី២៨ ខែសីហា ទើបលោក បៃដិន បាននិយាយថាក្រុមឧត្ដមសនីយ៍អាមេរិកបានព្រមានពីការវាយប្រហារភេរវកម្មជាថ្មី នៅឯអាកាសយាន ដ្ឋានទីក្រុងកាប៊ុល ហើយលោកបានបញ្ជាដោយផ្ទាល់ឱ្យយោធាអាមេរិក ចាត់វិធានការចាំបាច់នានា ដើម្បីការពារអាយុជីវិតពលរដ្ឋ និងកងទ័ពអាមេរិក។

ពីម៉ោង៩ព្រឹក ដល់ម៉ោង ២រសៀលថ្ងៃទី២៩ ខែសីហា យន្ដហោះដ្រូនបានតាមឃ្លាំមើលរថយន្ដមួយគ្រឿងដែលយោធាអាមេរិកកំណត់ថាជាគោលដៅសង្ស័យអាចនឹង ត្រូវបានពួក ISIS ប្រើប្រាស់ដើម្បីធ្វើការវាយប្រហារបំផ្ទុះគ្រាប់បែកអត្តឃាតសាជាថ្មី។ នៅម៉ោង ៤រសៀល ក្រុមមន្ត្រីចារកម្មអាមេរិកបានរាយការណ៍ប្រាប់ថ្នាក់លើរបស់ ខ្លួនថាមានមនុស្សជាច្រើននាក់កំពុងជញ្ជូនគ្រឿងផ្ទុះដាក់លើរថយន្ដ ហើយដល់ម៉ោង ៥ល្ងាច ថ្ងៃដដែល យន្ដហោះដ្រូនអាមេរិកបានបាញ់មីស៊ីលតម្រង់គោលដៅតែម្ដង ទៅលើរថយន្ដម៉ាក Toyota Corolla របស់លោក Zamarai Ahmadi ដែលចតនៅទីធ្លាមុខផ្ទះ។ បើតាមសាច់ញាតិ និងអ្នកជិតខាងរបស់លោក Ahmadi ការវាយប្រហារ របស់យន្ដហោះដ្រូនអាមេរិកធ្វើឡើង ចំពេលក្មេងៗខ្លះបានឡើងជិះលេងក្នុងរថយន្ដ។ មនុស្សសរុប ១០នាក់បានស្លាប់ ក្នុងនោះមានទាំងលោក Ahmadi និងក្មេង ៧នាក់ ក្នុងនោះរួមមានក្មេង ៤នាក់ដែលបានឡើងជិះក្នុងរថយន្ដ។ ចំណែកឯ កូនប្រុសរបស់លោក Ahmadi មានអាយុ១៩ឆ្នាំ និងអនាគតកូនប្រសាររបស់លោក Ahmadi ឈ្មោះ Naser Haidari ដែលធ្លាប់បម្រើការជាឆ្មាំសន្តិសុខកងទ័ពអាមេរិកក៏ត្រូវបានសម្លាប់ផងដែរ ខណៈលោកកំពុងលុបលាងមុខនៅក្បែរទីធ្លាមុខផ្ទះនោះ។

ក្រោយការវាយប្រហារនេះភ្លាមៗ ទីបញ្ជាការកណ្ដាលយោធាអាមេរិក បានអះអាងមិនមានជនស៊ីវិលណាម្នាក់បានស្លាប់ឡើយ។ មួយថ្ងៃក្រោយមក ទើបយោធាអាមេរិក
ទទួលស្គាល់ថាមានជនស៊ីវិលស្លាប់ ខណៈនាយសេនាធិការកងទ័ពចម្រុះអាមេរិក លោក Mark Milley បានហៅការវាយប្រហារដោយយន្ដហោះដ្រូននេះគឺជា ការវាយប្រហារដ៏ត្រឹមត្រូវ ដែលបានសម្លាប់មនុស្សម្នាក់ដែលជាសមាជិកពួកគេ ISIS។ «មនុស្សយ៉ាងហោចម្នាក់ក្នុងចំណោមអ្នកដែលត្រូវបានសម្លាប់គឺជាសមាជិករបស់ ISIS... ដូច្នេះថាតើមានមនុស្សដទៃត្រូវបានស្លាប់ ដែរឬទេ? ជាការពិតណាស់គឺមាន ហើយថាតើពួកគេជានរណា, យើងមិនដឹងនោះទេ...»។ នេះជាការបញ្ជាក់របស់ លោក Mark Milley នៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី០១ ខែកញ្ញាកន្លងទៅនេះ ខណៈមនុស្សម្នាក់ដែលលោក Milley ចោទថាជា ISIS ត្រូវបានគេជឿជាក់ថា
លោកចង់សំដៅទៅលើលោក Ahmadi។

តែទោះជាបែបនេះក្ដី សារព័ត៌មាន New York Times និង Washington Post ដោយផ្អែកលើការស៊ើបអង្កេតរបស់ខ្លួន បានអះអាងថាការវាយប្រហារដោយយន្ដហោះ ដ្រូនរបស់យោធាអាមេរិក អាចជា «កំហុសភ័ន្តច្រឡំមួយដ៏គួរឱ្យតក់ស្លុត»។ បើតាម New York Times លោក Zemari Ahmadi គឺជាបុគ្គលិកម្នាក់បម្រើការឱ្យអង្គការ មនុស្សធម៌អាមេរិកមួយមានឈ្មោះថា Nutrition and Education International ហើយលោកក៏ជាមនុស្សម្នាក់ដែលបានស្នើសុំទិដ្ឋាការដើម្បីនាំគ្រួសាររបស់លោកទៅរស់នៅអាមេរិកផងដែរ។

សារព័ត៌មានអាមេរិកនេះដដែលបានឱ្យដឹងទៀតថា លោក Zemari Ahmadi បានលើកធុងទឹកដាក់ចូលក្នុងរថយន្ដ មិនមែនលើកគ្រឿងផ្ទុះដាក់ចូលក្នុងរថយន្ដនោះទេ ដោយសារតែនៅពេលនោះ ផ្ទះរបស់លោកគ្មានទឹកប្រើប្រាស់គ្រប់គ្រាន់ ក្រោយក្រុមតាលីបង់ឡើងកាន់អំណាច។ លោក Ahmadi ត្រូវបានគេរាយការណ៍ថាបាន ធ្វើដំណើរទៅកាន់ការិយាល័យធ្វើការរបស់លោក មិនធ្វើដំណើរទៅផ្ទះលាក់ខ្លួនរបស់ពួក ISIS នោះទេ។ មន្ទីរបញ្ចកោណនៃក្រសួងការពារជាតិអាមេរិក បានឱ្យដឹងថា មេគំនិតរៀបចំផែនការវាយប្រហាររបស់ពួក ISIS ២នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារដោយយន្ដហោះដ្រូន តែមកទល់នឹងពេលនេះពួកគេមិនទាន់បានបញ្ចេញ អត្តសញ្ញាណមនុស្សទាំង២នាក់នេះទេ។

ដោយឡែក ពាក់ព័ន្ធនឹងការវាយប្រហារដោយយន្ដហោះដ្រូននេះដែរ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បាននិយាយថាលោក «មិនបានដឹងអ្វីទេ» នៅពេលត្រូវបានព្រឹទ្ធសភាអាមេរិកសាកសួរថាតើការវាយប្រហារដោយយន្ដដ្រូនអាមេរិក នៅឯទីក្រុងកាប៊ុល ប្រទេសអាហ្វហ្កានីស្ថាន បានសម្លាប់ជនសង្ស័យជាភេរវករ ឬជាជនស៊ីវិលអាហ្វហ្កានីស្ថានស្លូតត្រង់ម្នាក់ និងសមាជិកគ្រួសារបស់ពួកគេ?

នៅក្នុងសវនាការសួរចម្លើយនៅថ្ងៃអង្គារ ទី១៤ ខែកញ្ញាសប្ដាហ៍នេះដោយគណៈកម្មាធិការទំនាក់ទំនងការបរទេសនៃព្រឹទ្ធសភាពអាមេរិក ជុំវិញការដកទ័ពចេញពី អាហ្វហ្កានីស្ថាន, សមាជិកព្រឹទ្ធសភាមកពីគណបក្សសាធារណរដ្ឋគឺលោក Rand Paul បានសួរលោក Blinken ថាតើលោក Zemari Ahmadi ជាបុគ្គលិកអង្គការ មនុស្សធម៌ ឬក៏ជាសមាជិកពួក ISIS? លោក Blinken បានឆ្លើយថា «ជាការពិតណាស់, រដ្ឋាភិបាលកំពុងត្រួតពិនិត្យឡើងវិញលើការវាយប្រហារ ហើយខ្ញុំច្បាស់ណាស់ថា ការវាយតម្លៃពេញលេញមួយ នឹងមាននៅពេលខាងមុខនេះ»

ក្រោយមកលោក Paul បន្តសួរទៀតថា «ដូច្នេះអ្នកមិនដឹងថាតើរូបគេជាបុគ្គលិកមនុស្សធម៌ ឬក៏ជាសមាជិកពួក ISIS ឡើយ ពិតមែនឬ? លោក Blinken តបថា «ខ្ញុំមិន អាចនិយាយអ្វីបានឡើយចំពោះរឿងនេះ។ ខ្ញុំមិនអាចនិយាយរឿងនេះក្នុងកាលៈទេសៈនេះទេ»។ លោក Paul នៅតែជជីកសួរថាតើ «អ្នកមិនដឹង ឬក៏មិនចង់ប្រាប់
ពួកយើងទាំងអស់គ្នា»។ យ៉ាងណាក៏ដោយ លោក Blinken បានឆ្លើយថា «ខ្ញុំមិនបានដឹង ពីព្រោះយើងកំពុងត្រួតពិនិត្យវាឡើងវិញ»

គួរបញ្ជាក់ថា ការិយាល័យស៊ើបអង្កេតអ្នកសារព័ត៌មាន (Bureau of Investigative Journalism) មានមូលដ្ឋាននៅចក្រភពអង់គ្លេសបានឱ្យដឹងថាមនុស្សចន្លោះពី ៤,១២៦នាក់ ដល់ ១០,០៧៦នាក់ ត្រូវបានសម្លាប់ក្នុងការវាយប្រហារដោយយន្ដហោះដ្រូនអាមេរិក ក្នុងប្រទេសអាហ្វហ្កានីស្ថានចាប់តាំងពីខែមករា ឆ្នាំ២០០៤មក ហើយក្នុងចំណោមអ្នកទាំងនេះទៀតសោត មានចន្លោះពី ៣០០នាក់ ទៅ៩០៩នាក់គឺជាជនស៊ីវិល។ ក្រោយការដកកងទ័ពចេញពីអាហ្វហ្កានីស្ថាន លោក បៃដិន បានប្រកាសថាយុគសម័យអាមេរិកធ្វើសង្រ្គាមទ្រង់ទ្រាយធំ ដើម្បីជួយបង្កើត ឬកសាងប្រជាជាតិមួយត្រូវបានបិទបញ្ចប់ ប៉ុន្តែលោកបញ្ជាក់ថាសហរដ្ឋអាមេរិកនឹងនៅតែបន្ត ធ្វើការវាយប្រហារតាមផ្លូវអាកាស ជាពិសេសដោយប្រើយន្ដហោះដ្រូនកម្ទេចសត្រូវរបស់សហរដ្ឋអាមេរិក ជាពិសេសគឺពួក ISIS តែម្ដង៕

ប្រភព៖ CNN, Washington Post (ថ្ងៃពុធ ទី១៥ ខែកញ្ញា ឆ្នាំ២០២១)