(បារីស)៖ អភិបាលក្រុងប៉ារីសលោកស្រី Anne Hidalgo នៅថ្ងៃអាទិត្យ ទី១២ កញ្ញានេះ បានប្រកាសពីផែនការឈរឈ្មោះជាប្រធានាធិបតី ក្នុងការបោះឆ្នោតឆ្នាំក្រោយ ដោយចូលរួមក្នុងបញ្ជីឈ្មោះអ្នកប្រកួតប្រជែង លោក Emmanuel Macron ដែលកំពុងកាន់អំណាចបច្ចុប្បន្នផងដែរ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន AP នៅយប់ថ្ងៃអាទិត្យ ទី១២ ខែកញ្ញា ឆ្នាំ២០២១។

មានវ័យ៦២ឆ្នាំជាកូនស្រីរបស់ជនអន្តោប្រវេសន៍អេស្ប៉ាញ ដែលបានរត់គេចពីរបបផ្តាច់ការ Francisco លោកស្រីគឺមានការពេញនិយមដើម្បីឈ្នះការតែងតាំងអ្នកតំណាងឲ្យគណបក្សសង្គមនិយម។

ប៉ុន្តែអភិបាលក្រុងប៉ារីសជាស្ត្រីរូបនេះ នឹងត្រូវការកសាងកេរ៌្តឈ្មោះឲ្យបានទូលំទូលាយនៅទូទាំងប្រទេសបន្ថែមទៀត ដើម្បីក្លាយជាប្រធានាធិបតីស្ត្រីទីមួយរបស់បារាំង។

គួរបញ្ជាក់ថា ប៉ុន្មាននាទីបន្ទាប់ពីការប្រកាសនេះ មេដឹកនាំស្តាំនិយមលោកស្រី Marine Le Pen ដែលជាគូប្រជែងបានចាប់ផ្តើមយុទ្ធនាការប្រធានាធិបតីលើកទី៣ របស់លោកស្រី នៅទីក្រុង Frejus ភាគខាងត្បូង៕