(សិង្ហបុរី)៖ អាកាសចរណ៍សិង្ហបុរី (SIA) នៅទីបំផុតបានចាប់ផ្តើមដណើរការឡើងវិញ នូវយន្តហោះត្រកូល Boeing 737 MAX ទាំង ០៦គ្រឿងរបស់ខ្លួនហើយ ដោយចាប់ផ្តើមបញ្ជាការហោះហើរដំបូង ចេញពីឃ្លាំងបញ្ឈរជើងរបស់ពួកវា នៅក្នុងប្រទេសអូស្ត្រាលី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នារសៀលថ្ងៃចន្ទ ទី០៦ ខែកញ្ញា ឆ្នាំ២០២១។
អ្នកនាំពាក្យ SIA បានប្រកាសនៅថ្ងៃចន្ទនេះថា ខ្លួនស្វាគមន៍ចំពោះសេចក្តីសម្រេចដោយ អាជ្ញាធរអាកាសចរណ៍ស៊ីវិលសិង្ហបុរី (CAAS) នៅក្នុងការដកវិធានការផ្អាកការធ្វើប្រតិបត្តិការ យន្តហោះត្រកូល Boeing 737 MAX។ SIA បានចាប់ផ្តើមបញ្ជាយន្តហោះ Boeing 737 MAX ទាំង ០៦គ្រឿងរបស់ខ្លួនចេញពីក្រុង Alice Springs ភាគខាងជើងប្រទេសអូស្ត្រាលី ដែលជាកន្លែងរក្សាទុកយន្តហោះទាំងនេះ មកកាន់ប្រទេសសិង្ហបុរីវិញ។
យ៉ាងណាក៏ដោយ នៅពេលត្រូវបានសួរថា តើអាកាសចរណ៍សិង្ហបុរី នឹងចាប់ផ្តើមធ្វើប្រតិបត្តិការដឹកអ្នកដំណើរឡើងវិញ និងហោះហើរទៅតំបន់ណាខ្លះនោះ SIA មិនទាន់អាចបញ្ជាក់នាពេលនេះឡើយ។ ដោយឡែកអាជ្ញាធរអាកាសចរណ៍អាមេរិក (FAA) បានដកបម្រាមការហោះហើរពីយន្តហោះត្រកូល Boeing 737 MAX ដែលមានរយៈពេល ២០ខែនោះចេញវិញ កាលពីខែវិច្ឆិកា ឆ្នាំ២០២០ បន្ទាប់ពីបានបិទបញ្ចប់ការត្រួតពិនិត្យជាប្រវត្តិសាស្ត្រ លើប្រព័ន្ធសុវត្ថិភាពយន្តហោះត្រកូលនេះ។
គួររំលឹកថា អាកាសចរណ៍សិង្ហបុរីត្រូវបានអាជ្ញាធរ CAAS បង្គាប់ឲ្យបញ្ឈរជើងយន្តហោះ Boeing 737 MAX ទាំងអស់កាលពីខែមីនា ឆ្នាំ២០១៩ បន្ទាប់ពីយន្តហោះត្រកូលនេះ ០២គ្រឿងបានជួបគ្រោះថ្នាក់ធ្លាក់ ដោយមួយលើកជាអាកាសចរណ៍អេត្យូពី បានផ្តាច់ជីវិតមនុស្ស ១៥៧នាក់ និងមួយលើកទៀតជាអាកាសចរណ៍ឥណ្ឌូណេស៊ី បានផ្តាច់ជីវិតមនុស្ស ១៨៩នាក់៕