(អាហ្រ្វិក)៖ មនុស្សយ៉ាងហោច៣០នាក់ បានបាត់បង់ជីវិត កាលពីចុងសប្តាហ៍កន្លងទៅនេះ ក្នុងការវាយប្រហារ ដែលកើតមានជាថ្មីម្តងទៀត នៅតំបន់ភូមិភាគឦសាននៃសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី០៦ ខែកញ្ញា ឆ្នាំ២០២១។
ប្រភពពីអង្គការសហប្រជាជាតិ និងប្រភពនៅកុងហ្គោផ្ទាល់ បានអះអាងថា សមាជិកក្រុមសកម្មប្រយុទ្ធហៅកាត់ ADF គឺត្រូវបានសង្ស័យ ជាអ្នកដែលធ្វើសកម្មភាពវាយប្រហារខាងលើនេះ នៅក្នុងខេត្តអ៉ីទូរី (Ituri) ភាគឦសានប្រទេសកុងហ្គោ។ ក្រុមសកម្មប្រយុទ្ធនេះ ត្រូវគេចាត់ទុកជា ក្រុមដែលសាហាវឃោរឃៅជាងគេបង្អស់ ក្នុងចំណោមក្រុមសកម្មប្រយុទ្ធប្រមាណ១២២ក្រុម ដែលមានសកម្មភាព នៅក្នុងខេត្តចំនួន៤ជាប់ព្រំដែន នៅភាគខាងកើតកុងហ្គោ។ ក្រុមសកម្មប្រយុទ្ធទាំងនេះ ភាគច្រើនគឺបន្សល់ទុកមកតាំងពី សម័យសង្រ្គាមកុងហ្គោ កាលពីទសវត្សរ៍ឆ្នាំ១៩៩០។
គួរបញ្ជាក់ថា ចាប់តាំងពីខែឧសភា ឆ្នាំ២០២១ រដ្ឋាភិបាលប្រទេសអាហ្រ្វិកកណ្តាលមួយនេះ បានដាក់ខេត្ត Ituri និងខេត្តជិតខាងមួយទៀត គឺខេត្តគីវូខាងជើង (North Kivu) ឲ្យស្ថិតក្រោមភាពអាសន្ន ដើម្បីបង្កើនការបង្រ្កាបក្រុមសកម្មប្រយុទ្ធ និងបញ្ឈប់សកម្មភាពវាយប្រហារ ប៉ុន្តែហាក់មិនទទួលបានប្រសិទ្ធភាពនោះឡើយ៕