(ប៉េកាំង)៖ ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំនៅប្រទេសចិន លោក យ៉ាន ហេកឃើ (Jan Hecker) ដែលទើបចូលកាន់តំណែងបានត្រឹមពីរសប្តាហ៍ ឥឡូវនេះបានទទួលមរណភាពបាត់ទៅហើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី០៦ ខែកញ្ញា ឆ្នាំ២០២១។
លោក Hecker អាយុ៥៤ឆ្នាំ ធ្លាប់បម្រើតួនាទីជា ទីប្រឹក្សានយោបាយការបរទេស របស់អធិការបតីអាល្លឺម៉ង លោកស្រី អាន់ជេឡា មើគែល (Angela Merkel) មុនពេលកាន់តំណែងជា ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំប្រទេសចិន កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១។ ជុំវិញដំណឹងមរណភាពនេះ ក្រសួងការបរទេសអាល្លឺម៉ង់ បានចេញសេចក្តីថ្លែងការណ៍ សម្តែងការចូលរួមសោកស្តាយយ៉ាងជ្រាលជ្រៅ។
គួរបញ្ជាក់ថា ពាក់ព័ន្ធមូលហេតុនៃមរណភាពរបស់លោក Hecker គឺមិនទាន់ត្រូវបានដឹងច្បាស់នៅឡើយទេ។ យ៉ាងណាក្តី បើតាមការអះអាង របស់ភ្ញៀវនៃព្រឹត្តិការណ៍មួយ ដែលលោក Hecker បានរៀបចំឡើងនៅឯគេហដ្ឋាន ក្នុងទីក្រុងប៉េកាំង កាលពីថ្ងៃសុក្រសប្តាហ៍កន្លងទៅនេះ គឺរូបលោកមើលទៅ មានទឹកមុខសប្បាយរីករាយ និងមិនដូចជាឈឺថ្កាត់អ្វីនោះទេ៕