(ហ្គីណេ)៖ កងកម្លាំងយោធាពិសេសនៅក្នុងប្រទេសហ្គីណេ បានធ្វើរដ្ឋប្រហារដណ្ដើមអំណាច កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ ដោយចាប់ខ្លួនប្រធានាធិបតី និងបានដាក់បម្រាមគោចរគ្មានពេលវេលាកំណត់ នៅក្នុងប្រទេសអាហ្វ្រិកខាងលិចដ៏ក្រីក្រមួយនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅព្រឹកថ្ងៃចន្ទ ទី០៦ ខែកញ្ញា ឆ្នាំ២០២១។
ទីភ្នាក់ងារព័ត៌មាន AFP ផ្អែកលើប្រភពមិនបញ្ចេញអត្តសញ្ញាណម្នាក់ដែលខ្លួនទទួលបាន បានឱ្យដឹងទៀតថា យោធាហ្គីណេក៏បានរំលាយរដ្ឋធម្មនុញ្ញ និងរដ្ឋាភិបាលចោលផងដែរ ខណៈព្រំដែនគោគ និងដែនអាកាសត្រូវបានបិទ បន្ទាប់ពីប្រធានាធិបតីហ្គីណេលោក អាល់ហ្វា ខុនដេ (Alpha Conde) ត្រូវបានចាប់ខ្លួន។ យោធាហ្គីណេមិនទាន់បានបញ្ជាក់អ្វីលម្អិតនោះទេ ដោយគ្រាន់តែឱ្យដឹងថា អភិបាលខេត្ត ឬទីក្រុង រួមទាំងមន្ត្រីជាន់ខ្ពស់នានា នឹងត្រូវធ្វើការតែងតាំងជាថ្មីដោយយោធា។
លោក ម៉ាម៉ាឌី ឌូមបូយ៉ា (Mamady Doumbouya) មេបញ្ជាការនៃកងកម្លាំងយោធាពិសេសហ្គីណេ បានបង្ហាញមុខតាមកញ្ចក់ទូរទស្សន៍ និងថ្លែងទៅកាន់ប្រជាជនហ្គីណេយ៉ាងដូច្នេះថា «ការគ្រប់គ្រងដ៏អសមត្ថភាពរបស់រដ្ឋាភិបាល បានជំរុញឲ្យមានរដ្ឋប្រហារនេះកើតឡើង...។ យើងមិនអាចប្រគល់នយោបាយ ឲ្យទៅបុរសតែម្នាក់នោះទេ តែយើងនឹងប្រគល់ទៅឲ្យប្រជាជនទាំងអស់...។ ហ្គីណេជាប្រទេសដ៏ស្រស់ស្អាត។ យើងមិនត្រូវការការរំលោភបំពាន ទៅលើហ្គីណេទៀតទេ... យើងត្រូវការតែក្តីស្រឡាញ់ប៉ុណ្ណោះ ចំពោះប្រទេសមួយនេះ»។
គួរបញ្ជាក់ថា សហគមន៍អន្តរជាតិនាំមុខដោយ អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) លោក អាន់តូនីញ៉ូ ហ្គូទែរែស (Antonio Guterres) បានប្រកាសថ្កោលទោសយ៉ាងខ្លាំង ចំពោះការធ្វើរដ្ឋប្រហារយោធានេះ ហើយស្នើឱ្យដោះលែងលោកប្រធានាធិបតី Alpha Conde ជាបន្ទាន់។ ហ្គីណេដែលមានប្រជាជនសរុប ១៣លាននាក់ គឺជាប្រទេសសម្បូរធនជាតិរ៉ែមួយ នៅតំបន់អាហ្វ្រិកខាងលិច ប៉ុន្តែប្រទេសនេះនៅតែស្ថិតក្នុងភាពក្រីក្រខ្លាំង បូករួមទាំងវិបត្តិនយោបាយអូសបន្លាយ៕