(វ៉ាស៉ីនតោន)៖ អ្នកជំនាញជាន់ខ្ពស់ផ្នែកជំងឺឆ្លងអាមេរិក លោកវេជ្ជបណ្ឌិត អាន់តូនី ហ្វាវស៉ី (Anthony Fauci) បាននិយាយថា ក្រុមមន្រ្តីអាមេរិកទំនងជានឹងទទួលបានបទបញ្ជាឆាប់ៗ ដើម្បីចាត់ចែងផ្ដល់ការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ដូសទី ៣ ឬដូសជំរុញជូនដល់ប្រជាជនរបស់ខ្លួនហើយ ដោយប្រើប្រាស់វ៉ាក់សាំង ដែលអភិវឌ្ឍឡើងដោយក្រុមហ៊ុន Pfizer ខណៈវ៉ាក់សាំងដែលអភិវឌ្ឍឡើងដោយក្រុមហ៊ុន Moderna អាចប្រើពេលយូរបន្តិច។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃចន្ទ ទី០៦ ខែកញ្ញា ឆ្នាំ២០២១។
នៅពេលដែលត្រូវបានសួរនៅលើកញ្ចក់ទូរទស្សន៍អាមេរិក CBS អំពីគោលបំណងផ្ដល់ការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ដូសទី ៣ ឬដូសជំរុញរបស់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ដែលចាប់ផ្តើមនៅថ្ងៃទី២០ ខែកញ្ញាខាងមុខនេះ លោក Fauci បាននិយាយថា «នៅក្នុងប្រការខ្លះ» រឿងនេះនៅតែជាផែនការ។
ប៉ុន្តែលោក Fauci បាននិយាយបន្ថែមថា ខណៈពេលដែលវ៉ាក់សាំង Pfizer បានបញ្ជូនទិន្នន័យចាំបាច់ស្តីពីការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ដូសទី ៣ ឬដូសជំរុញទៅឱ្យរដ្ឋបាលចំណីអាហារ និងឱសថអាមេរិក (FDA) វ៉ាក់សាំង Moderna មិនទាន់បញ្ចប់ដំណើរការនេះទេ។ ទោះជាយ៉ាងណា លោក Fauci នៅតែសង្ឃឹមថា វ៉ាក់សាំងទាំង ២ នេះនឹងអាចផ្តល់ការចាក់ជូនដល់ប្រជាជនអាមេរិក នៅពេលដែលកម្មវិធីចាក់វ៉ាក់សាំងដូសទី ៣ ឬដូសជំរុញត្រូវបានដាក់ចេញ ប៉ុន្តែប្រសិនបើវ៉ាក់សាំង Moderna មិនទាន់បញ្ចប់ដំណើរការមុនថ្ងៃទី២០ ខែកញ្ញាខាងមុខនេះទេ នោះវ៉ាក់សាំង Moderna នឹងនឹងត្រូវអនុញ្ញាតនៅពេលក្រោយ។
លោក Fauci បានថ្លែងនៅថ្ងៃអាទិត្យ ទី០៥ កញ្ញា (ពេលវេលានៅអាមេរិក) ដោយសង្កត់ធ្ងន់ថា ការចាក់វ៉ាក់សាំងដូសទី ៣ ឬដូសជំរុញដោយប្រើប្រាស់វ៉ាក់សាំងទាំង ២ ត្រូវបានគេសន្មត់ថា មានសុវត្ថិភាពហើយ ប៉ុន្តែ FDA និងក្រុមមន្រ្តីអាមេរិកផ្សេងទៀត នឹងត្រូវការពេលសិក្សាបន្ថែមអំពីទិន្នន័យទាំងនេះ ដើម្បីប្រាកដថាវាពិតជាមានប្រសិទ្ធិភាព និងសុវត្ថិភាពមែន។
ជុំវិញបញ្ហានេះ ក្រុមហ៊ុន Moderna និង FDA មិនបានឆ្លើយតបភ្លាមៗ ដើម្បីស្វែងរកការអត្ថាធិប្បាយទេ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលត្រូវបានចេញផ្សាយកាលពីថ្ងៃពុធសប្ដាហ៍មុន ក្រុមហ៊ុន Moderna បាននិយាយថា ខ្លួនបាន «ចាប់ផ្តើមបញ្ជូនទិន្នន័យដូសជំរុញរបស់ខ្លួនទៅឱ្យ FDA ជាបណ្ដើរៗហើយ»។ ក្រុមហ៊ុន Moderna បានអះអាងថា វ៉ាក់សាំងរបស់ខ្លួននៅតែរក្សាប្រសិទ្ធភាពលើស ៩០% ក្នុងការទប់ទល់ COVID-19 បន្ទាប់ពីរយៈពេល ៦ខែនៃការចាក់ដូសទី ២ ហើយសម្រាប់ដូសទី ៣ វិញក៏មិនខុសគ្នាដែរ៕