Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

នាយករដ្ឋមន្រ្តីថៃ ប្រាយុទ្ធ ចាន់អូចា ឆ្លងផុតការបោះឆ្នោតដកទំនុកចិត្ត ជាថ្មីម្តងទៀតនៅក្នុងសភា

04-09-2021 14:09

(បាងកក)៖ នាយករដ្ឋមន្រ្តីថៃ លោក ប្រាយុទ្ធ ចាន់អូចា និងរដ្ឋមន្រ្តី៥រូបទៀត បានឆ្លងផុតការបោះឆ្នោតដកទំនុកចិត្តនៅក្នុងសភា នាថ្ងៃសៅរ៍នេះ ប៉ុន្តែក្រុមសកម្មជនបានរៀបគម្រោង ដើម្បីធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាលជាបន្ត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី០៤ ខែកញ្ញា ឆ្នាំ២០២១។

ក្នុងការបោះឆ្នោតដកទំនុកចិត្តនាថ្ងៃសៅរ៍នេះ លោក ប្រាយុទ្ធ ទទួលបានសំឡេងគាំទ្រ២៦៤សំឡេង ទល់នឹងសំឡេងប្រឆាំង២០៨សំឡេង ខណៈរដ្ឋមន្រ្តីសុខាភិបាល លោក អានុទីន ចានវីរៈគុល (Anutin Charnvirakul) និងរដ្ឋមន្រ្តី៤នាក់ទៀត ក៏បានរួចខ្លួនដោយសារមានសំឡេង គាំទ្រច្រើនដូចគ្នាផងដែរ។ ដើម្បីអាចទម្លាក់លោក ប្រាយុទ្ធ ពីអំណាចបាន បក្សប្រឆាំងត្រូវការ២៤២សំឡេង។

គួរបញ្ជាក់ថា វាគឺជាការបោះឆ្នោតដកទំនុកចិត្តលើកទី៣ហើយ សម្រាប់រដ្ឋាភិបាលលោក ប្រយុទ្ធ ចាន់អូចា។ យ៉ាងណាមិញ ក្រុមបាតុករ កំពុងគ្រោងធ្វើបាតុកម្មជាបន្តទៀត នៅចុងសប្តាហ៍នេះ។ លោក ប្រាយុទ្ធ និងរដ្ឋាភិបាលលោក បានរងការរិះគន់យ៉ាងខ្លាំង ពាក់ព័ន្ធនឹងការគ្រប់គ្រង COVID-19 និងផលប៉ះពាល់ដែលបង្កឡើងពីវិបត្តិជំងឺរាតត្បាតសកលនេះ៕