(វ៉ាស៉ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នាថ្ងៃសុក្រសប្តាហ៍នេះ បានចេញបទបញ្ជាប្រតិបត្តិមួយ ដែលបង្គាប់ឲ្យមន្ត្រីរដ្ឋលោកពិនិត្យមើល ហើយបញ្ចេញឯកសារមួយចំនួន ដែលពាក់ព័ន្ធការងារស៉ើបអង្កេតរបស់ទីភ្នាក់ងារ FBI ជុំវិញករណីវាយប្រហារភេរវកម្មថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានស៉ីនហួរ នៅព្រឹកថ្ងៃសៅរ៍ ទី០៤ ខែកញ្ញា ឆ្នាំ២០២១។

បទបញ្ជាខាងលើកំណត់ឲ្យក្រសួងយុត្តិធម៌អាមេរិក និងបណ្តាស្ថាប័នសហព័ន្ធដទៃទៀត ត្រូវពិនិត្យមើលឯកសារទាំងនោះ ហើយបញ្ចេញព័ត៌មានសម្ងាត់ជាសាធារណៈក្នុងរយៈពេល ០៦ខែខាងមុខ។ លោក ចូ បៃដិន បានចេញសេចក្តីថ្លែងការណ៍មួយ ដោយគូសបញ្ជាក់យ៉ាងដូច្នេះថា «យើងមិនត្រូវបំភ្លេចឡើយ នូវក្តីឈឺចាប់ដ៏ធំធេងនៃគ្រួសារ និងមនុស្សជាទីស្រឡាញ់របស់ជនស្លូតត្រង់ទាំង ២,៩៧៧នាក់ ដែលបានបាត់បង់ជីវិត ដោយសារការវាយប្រហារភេរវកម្មដ៏អាក្រក់បំផុត នៅក្នុងប្រវត្តិសាស្រ្តសហរដ្ឋអាមេរិក»

គួរបញ្ជាក់ថា គ្រួសារជាច្រើនរបស់ជនរងគ្រោះ នៃព្រឹត្តិការណ៍មហាភេរវកម្ម «១១ កញ្ញា» បានព្យាយាមជាច្រើនឆ្នាំមកហើយ ក្នុងការជំរុញឲ្យរដ្ឋាភិបាលអាមេរិក បន្តបញ្ចេញព័ត៌មានជាសាធារណៈថែមទៀត ពាក់ព័ន្ធនឹងព្រឹត្តិការណ៍នោះ។ នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២១ ដែលត្រូវនឹងចុងសប្តាហ៍ក្រោយនេះ គឺជាខួប ២០ឆ្នាំគត់នៃព្រឹត្តិការណ៍ភេរវកម្ម «១១ កញ្ញា»៕