(ប៉េកាំង)៖ កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២១ លោក Xi Jinping ប្រធានរដ្ឋចិនបានអញ្ជើញចូលរួម ក្នុងពិធីបើកកិច្ចប្រជុំពេញអង្គ នៃវេទិកាសេដ្ឋកិច្ចបូព៌ាលើកទី៦ ព្រមទាំងថ្លែងសុន្ទរកថាតាមប្រព័ន្ធវីដេអូ។
លោកXi Jinping បានថ្លែងថា «ថ្ងៃនេះជាថ្ងៃរំលឹកខួបលើកទី៧៦ នៃការយកជ័យជម្នះក្នុងសង្គ្រាម ដែលប្រជាជនចិនប្រឆាំងនឹង ការឈ្លានពានរបស់ជប៉ុន និងសង្គ្រាមប្រឆាំងហ្វាស៊ីសពិភពលោក។ សហគមន៍អន្តរជាតិគួរតែគាំពារយ៉ាងម៉ឺងម៉ាត់ ចំពោះសមិទ្ធផលនៃជ័យជម្នះ ក្នុងសង្គ្រាមលោកលើកទី២។ កាលពីខែមិថុនា ឆ្នាំ២០២១ ខ្ញុំនិងលោក Putin ប្រធានាធិបតីរុស្ស៊ី បានរួមគ្នាប្រកាសពីការពន្យាសុពលភាពនៃ «សន្ធិសញ្ញាកិច្ចសហប្រតិបត្តិការមេត្រីភាពនិងសុខដុមនីយកម្ម ជាមួយប្រទេសជិតខាងរវាងចិននិងរុស្ស៊ី» ព្រមទាំងឈានដល់គំនិតឯកភាពថ្មី ស្តីពីបញ្ហាសំខាន់ៗដូចជាការពង្រឹងកិច្ចសហប្រតិបត្តិការ និងកិច្ចសម្របសម្រួលជាយុទ្ធសាស្ត្រ និងសហប្រតិបត្តិការជាក់ស្តែងគ្រប់ជ្រុងជ្រោយរវាងចិននិងរុស្ស៊ី ក្នុងយុគសម័យថ្មីនេះ ទំនាក់ទំនងភាពដៃគូសហការនិងសម្របសម្រួល ជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងចិននិងរុស្ស៊ី គឺពោរពេញដោយកម្លាំងចលករនិងមានចក្ខុវិស័យធំទូលាយ»។
លោក X iJinping បានគូសបញ្ជាក់ថា បច្ចុប្បន្ន និម្មាបនកម្មពិភពលោក កើតមានការប្រែប្រួលយ៉ាងជ្រាលជ្រៅ ស្ថានការណ៍រីករាលដាលនៃជំងឺកូវីដ១៩ មានភាពមិនប្រាកដប្រជា ការស្តារសេដ្ឋកិច្ចពិភពលោកឡើងវិញមានភាពលំបាក។ កិច្ចសហប្រតិបត្តិការក្នុងតំបន់អាស៊ីឦសាន មិនគ្រាន់តែប្រឈមមុខនឹងបញ្ហាម៉ឺងម៉ាត់ប៉ុណ្ណោះទេ ក៏ប្រឈមមុខនឹងកាលានុវត្តភាពសំខាន់ផងដែរ។ ភាគីនានាគួរមានចក្ខុវិស័យពិភពលោក រួមគ្នាពុះពារឧបសគ្គ ដើម្បីស្វែងរកការអភិវឌ្ឍរួម។ យើងគួរតែជួយគ្នាទៅវិញទៅមក ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ បង្កើនកិច្ចសហប្រតិបត្តិការក្នុងការសិក្សាស្រាវជ្រាវ និងផលិតវ៉ាក់សាំង ដើម្បីផ្តល់ផលិតផលសាធារណៈកាន់តែច្រើន ដល់សហគមន៍អន្តរជាតិ ព្រមនិងប្រឆាំងយ៉ាងដាច់ខាតនូវសកម្មភាពធ្វើឱ្យវ៉ាក់សាំងនិងការស្វែងរកប្រភពដើមនៃវីរុសកូវីដ១៩ ទៅជារឿងនយោបាយ ក្នុងន័យខិតខំជំរុញការកសាងសហគមន៍រួមសុខភាពរបស់មនុស្សជាតិ។
លោក Xi បន្តថា យើងគួរបន្តខិតខំប្រឹងប្រែងក្នុងការជំរុញកិច្ចសហប្រតិបត្តិការ ដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក ធ្វើឱ្យកិច្ចសហប្រតិបត្តិការដែលតភ្ជាប់រួមគ្នាកសាង «ខ្សែក្រវាត់ជាមួយនិងផ្លូវ» និងសហព័ន្ធសេដ្ឋកិច្ចអឺរ៉ាស៊ានមានភាពកាន់តែស៊ីជម្រៅ ហើយគាំទ្រការអភិវឌ្ឍនៃសេដ្ឋកិច្ចឌីជីថលបែបច្នៃប្រឌិតថ្មី ក៏ដូចជារួមគ្នាឆ្លើយតបបម្រែបម្រួលអាកាសធាតុជាសកល និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គមក្នុងតំបន់។ យើងត្រូវប្រមូលផ្តុំកម្លាំងលើផ្នែកគាំពារសន្តិភាពនិងស្ថិរភាពក្នុងតំបន់ និងសម្របសម្រួលការខ្វែងគំនិតគ្នាតាមរយៈការសន្ទនានិងការប្រាស្រ័យទាក់ទង ដើម្បីប្រមូលផ្តុំគំនិតឯកភាពរួម បង្កើតគំនិតសន្តិសុខដែលប្រកបដោយភាពជារួមចម្រុះ កិច្ចសហប្រតិបត្តិការនិងនិរន្តរភាព ដើម្បីរួមគ្នាកសាងសង្គមដែលប្រកបដោយភាពសុខដុមរមនានិងសន្តិភាព។
លោក Xi Jinping ប្រធានរដ្ឋចិនបានលើកឡើងទៀតថា ឆ្នាំ២០២១ ជាខួប១០០ឆ្នាំនៃការបង្កើតបក្សកុម្មុយនិស្តចិន ប្រទេសចិនបានចាប់ផ្តើមដំណើរថ្មី នៃកិច្ចកសាងប្រទេសសង្គមនិយមទំនើបដោយគ្រប់ជ្រុងជ្រោយ។ ប្រទេសចិនរីករាយធ្វើកិច្ចខិតខំប្រឹងប្រែងជាមួយគ្រប់ភាគី ប្រកាន់ខ្ជាប់នូវពហុភាគីនិយមពិតយ៉ាងប្រាកដ គោរពពាក្យសន្យា មានសុខដុមនីយកម្ម ធ្វើកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ដើម្បីឆ្ពោះទៅរកការសម្រេចបាន នូវគោលដៅនៃការកសាងសហគមន៍រួមវាសនា របស់មនុស្សជាតិ។
វេទិកាសេដ្ឋកិច្ចបូព៌ាលើកទី៦ ធ្វើឡើងនៅក្រុងវ្ល៉ាឌីវ៉ូស្តុកប្រទេសរុស្ស៊ី ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២១ ក្រោមប្រធានបទ «កាលានុវត្តភាពថ្មីនៅតំបន់ចុងបូព៌ាក្នុងបរិបទនៃក្រោមបម្រែបម្រួលនិម្មាបនកម្ម»៕